(ហ្សាការតា)៖ ភ្នំភ្លើងមើរ៉ាពី (Merapi) ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានជះកម្អែរផេះផ្សែង និងកម្ដៅឡើងលើផ្ទៃអាកាស នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបង្ខំឱ្យ អាជ្ញាធរត្រូវជម្លៀសប្រជាជនជាង ៥០០នាក់ ដែលរស់នៅតាមជើងភ្នំនោះ ទៅរកកន្លែងមានសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
អ័ព្ទកំពុងគ្របដណ្តប់លើភ្នំភ្លើងនៅពេលនោះ ដូច្នេះកម្អែរផេះដ៏ក្ដៅគគុក ដែលកំពុងតែជះចេញមកនោះ មិនត្រូវបានគេមើលឃើញឡើយ។ ទីភ្នាក់ងារស្រាវជ្រាវ និងគ្រប់គ្រងគ្រោះ មហន្តរាយឥណ្ឌូណេស៊ី បានប៉ាន់ស្មានថា កម្អែរផេះដែលជះចេញពីរណ្ដៅភ្នំភ្លើងនោះ បានរាលដាលតិចជាង ១គីឡូម៉ែត្រ។ ប្រធានទីភ្នាក់ងារស្រាវជ្រាវ និងគ្រប់គ្រងគ្រោះ មហន្តរាយ លោក Hanik Humaida បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រហូតមកទល់ពេលនេះ គ្រោះថ្នាក់ដែលអាចកើតមានឡើង មិនលើសពី ៥គីឡូម៉ែត្រទេ»។
ជុំវិញបញ្ហានេះ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍នេះ បានជម្លៀសប្រជាជនជាង ៥០០នាក់ដែលរស់នៅតាមជើងភ្នំដែលស្ថិតនៅក្នុងស្រុកម៉ាឡេឡេង (Magelang) នៃកោះជ្វា (Java)។ អាជ្ញាធរមូលដ្ឋាន បានបង្កើនកម្រិតប្រកាសអាសន្ននៅតាមជើងភ្នំ Merapi ដល់កម្រិតខ្ពស់បំផុតទី២ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីឧបករណ៍ចាប់សញ្ញា បានបង្ហាញឲ្យឃើញថា ភ្នំភ្លើងនេះបានបង្កើនសកម្មភាពយ៉ាងខ្លាំង ដែលពេលនោះ ដំណើរទេសចរណ៍ និងដំណើររុករករ៉ែ ក៏ត្រូវបានផ្អាកផងដែរ។
គួរបញ្ជាក់ថា ភ្នំភ្លើង Merapi ដែលមានកម្ពស់ប្រមាណ ២,៩៦៨ម៉ែត្រនេះ គឺមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពីកណ្ដាលទីក្រុងនៃខេត្ត យ៉ូកយ៉ាការតា (Yogyakarta)។ បើតាមអាជ្ញាធរនៅតាមតំបន់ជុំវិញនោះ ប្រជាជនប្រមាណមួយភាគបួនលាននាក់ រស់នៅក្នុងចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីភ្នំភ្លើងនេះ៕