(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីមួយចំនួននៅសេតវិមាន បានដាក់ពាក្យសុំលាលែងពីតំណែង នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពីក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បាននាំគ្នាសម្រុកចូលលុកលុយវិមានសភាអាមេរិក និងបង្កជាអំពើហិង្សាដ៏អាក្រក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
លោកស្រី ស្ទេហ្វានី ហ្គ្រីសហាំ (Stephanie Grisham) បានសម្រេចលាលែងពីតួនាទី ជាប្រធានខុទ្ទកាល័យរបស់ជំទាវទីមួយអាមេរិក គឺលោកស្រី មេឡានា ត្រាំ ក្រោយពីក្រុមអ្នកគាំទ្រជាច្រើននាក់របស់លោក ត្រាំ ដែលជាប្រធានាធិបតីចាញ់ឆ្នោត បានប្រមូលគ្នាចូលលុកលុយវិមានសភាអាមេរិក ដើម្បីព្យាយាមរារាំងមិនឲ្យសភាទទួលស្គាល់ជាផ្លូវការ នូវលទ្ធផលបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ដែលបង្ហាញថាលោក ចូ បៃដិន ជាអ្នកឈ្នះពិតប្រាកដនោះ។
យោងតាមប្រភពដែលបង្ហើបឲ្យដឹង អំពីដំណឹងលាលែងពីតំណែងរបស់លោកស្រី ហ្រ្គីសហាំ មន្រ្តីសេតវិមានពីររូបទៀតគឺលោកស្រី រីកគី នីស្តា (Rickie Nicesta) ដែលជាមន្រ្តីទទួលបន្ទុករៀបចំព្រឹត្តិការណ៍ផ្សេងៗនៅសេតវិមាន និងអ្នកពាក្យរងសេតវិមានលោកស្រី សារ៉ា មាតស៊្សូ (Sarah Matthews) ក៏បានលាលែងពីតួនាទីដូចគ្នា។ ក្រៅពីនេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូបឺត អូប្រាយអ៊ែន (Robert O'Brien) និងទីប្រឹក្សារងរបស់លោក គឺលោក មាតស្ស៊ូ ផូតទីងហ្គើ (Matthew Pottinger) ព្រមទាំងអនុប្រធានខុទ្ទកាល័យសេតវិមានលោក គ្រីស លីដឌែល (Christ Liddell) ក៏ប្រហែលអាចដាក់ពាក្យលាលែងដូចគ្នាដែរ។ សេតវិមានផ្ទាល់មិនបានធ្វើអត្ថាធិប្បាយ ជុំវិញដំណឹងទាំងនេះឡើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ នៅតែមិនទទួលស្គាល់ការចាញ់ឆ្នោតរបស់ខ្លួនឡើយ ដោយនៅតែបន្តអះអាងថា តាមពិតទេលោកទេគឺជាអ្នកឈ្នះ ហើយការបោះឆ្នោតគឺមានការលួចបន្លំ ខណៈការអះអាងនេះ គឺគ្មានភស្តុតាងអ្វីទាំងអស់។ អាណត្តិប្រធានាធិបតីរបស់លោក ត្រាំ នឹងត្រូវផុតនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះហើយ នៅពេលលោក ចូ បៃដិន ស្បថឡើងកាន់តំណែងជាផ្លូវការ ជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក៕