(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឲ្យដឹងថា មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

មេបញ្ជាការប៉ូលិសនៃរដ្ឋធានីវ៉ាស៉ីនតោន លោក រ៉ូប៊ឺត ខុសធី (Robert Contee) បានប្រាប់សារព័ត៌មាននៅអាមេរិកថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ខាងលើនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) រួមមានស្រ្តីម្នាក់ដែលត្រូវបានប៉ូលិសការពារវិមាន Capitol Hill បាញ់ចំ និង ០៣នាក់ផ្សេងទៀត បានបាត់បង់ជីវិតពេលសង្រ្គោះបន្ទាន់។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃពុធសប្តាហ៍នេះ ក្រុមកុបករបានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេល រាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ប៉ូលិសអាមេរិកក៏បានរកឃើញ គ្រាប់បែកច្នៃចំនួន ០២គ្រាប់ នៅក្បែរគណៈកម្មាធិការជាតិបក្សប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិបក្សសាធារណរដ្ឋផងដែរ។ ចំណែកនៅក្នុងបរិវេណវិមាន Capitol Hill អាជ្ញាធរបានរកឃើញរថយន្តមួយគ្រឿង ដែលមានកាំភ្លើងវែងមួយដើម និងគ្រាប់បែកសាំងមួយចំនួន៕