(អាមេរិក)៖ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook បានប្រកាសឱ្យដឹងថា ខ្លួនបានប្លក់គណនីរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចំនួន២៤ម៉ោង ដោយសារតែបានល្មើសទៅនឹងច្បាប់ចំនួន២ ដោយក្នុងនោះ នៅលើបណ្ដាញសង្គម Instagram ក៏ប្លក់ ដូចគ្នាផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Facebook នេះ ត្រូវបានធ្វើឡើងក្រោយពេល ផ្ទុះការតវ៉ារបស់ក្រុមគាំទ្រលោកត្រាំ និងការបង្ហោះសារនយោបាយដែល ខុសពីច្បាប់ ថ្មី ដែល បានកំណត់ និងចេញដោយសភាអាមេរិក។
ក្រុមហ៊ុន Facebook បានបញ្ជាក់ថា «យើងបានរកឃើញថា ហ្វេសប៊ុករបស់លោកត្រាំ បានរំលោភលើគោលនយោបាយធំៗចំនួន២ ដែលនាំឱ្យយើងសម្រេចប្លក់ ឬបិទគណនីរបស់លោកត្រាំរយៈពេល ២៤ម៉ោង។ វាមានន័យថា លោកត្រាំ មិនអាចប្រើគណនីរបស់លោក បានទេនៅក្នុងរយៈពេល ២៤ម៉ោង»។
ជាមួយគ្នានោះផងដែរ បណ្ដាញសង្គម Instagram ដែលជាបុត្រសម្ព័ន្ធរបស់ Facebook ក៏បានប្លក់ ឬបិទគណនីរបស់លោកត្រាំរយៈ ពេល ២៤ម៉ោងដូចគ្នា ខណៈដែលបណ្ដាញសង្គម Twitter ក៏បានបិទគណនីរបស់លោកត្រាំរយៈពេល ១២ម៉ោងផងដែរ បន្ទាប់ពី បានរំលោភលើគោលនយោបាយនៃច្បាប់របស់ Twitter ។
គួរបញ្ជាក់ផងដែរថា នៅមុននេះបន្តិច Facebook បានលុបចោលនូវវីដេអូដែលបង្ហោះនៅលើគណនីរបស់លោកត្រាំ ដោយវីដេអូនោះ បង្ហាញពីការតវ៉ា ប៉ះបោរ របស់ក្រុមបាតុករ ដែលគាំទ្ររបស់លោកត្រាំ ជាមួយនឹងពាក្យស្លោក «Go home» ៕