Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: លោក ដូណាល់ ត្រាំ ប្រាប់ក្រុមបាតុករ ដែលអុកឡុកវិមានសភា ឲ្យដកថយត្រលប់ទៅផ្ទះវិញ (Photo inside)

07-01-2021 09:52

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យក្រុមអ្នកគាំទ្រលោក ដកថយត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីពួកគេសម្រុកចូលក្នុង អគារនៃវិមានសភា (US Capitol) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីរារាំងសម័យប្រជុំសម័យសភា ដែលប្រព្រឹត្តទៅក្នុងគោលបំណងទទួលស្គាល់ ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី៤៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

នៅក្នុងពេលជាមួយគ្នាដែលលោក ដូណាល់ ត្រាំ ប្រាប់ក្រុមអ្នកគាំទ្ររបស់លោក ត្រលប់ទៅផ្ទះវិញ ប្រធានាធិបតីចាំផ្ទះរូបនេះ នៅតែឆ្លៀតអះអាងដោយគ្មានភស្ដុតាងដដែលថា ការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលួចបន្លំ។ តាមរយៈសារវីដេអូមួយមានរយៈពេល ១នាទីដែលត្រូវបាន បង្ហោះលើគណនី Twitter លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំដឹងពីការឈឺចាប់របស់អ្នក។ យើងមានការបោះឆ្នោតមួយ ដែលត្រូវបានគេលួច។ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែត្រលប់ទៅផ្ទះវិញ ដ្បិតយើងត្រូវតែមានសន្តិភាព គោរពច្បាប់ និងសណ្ដាប់ធ្នាប់»

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈទីភ្នាក់ងារ FBI បានអះអាងថាខ្លួនបានទប់ស្កាត់ជនសង្ស័យ ពីរនាក់ ដែលគ្រោងប្រើគ្រឿងផ្ទុះ។ បើតាមប្រវត្តិសាស្ត្រអាមេរិក រឿងហេតុស្រដៀងគ្នានេះ ធ្លាប់បានកើតមានឡើងម្តង កាលពីឆ្នាំ១៨១៤។ សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់សម្រាប់ឲ្យអង្គសភាទាំងពីរ បោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ជាផ្លូវការ ដើម្បីលោកធ្វើការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើការរៀបចំសម័យប្រជុំឡើងវិញ នឹងត្រូវធ្វើឡើងនៅពេលណាឡើយ៕