(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ បានសម្រុកចូលទៅក្នុងអាគារសសភាអាមេរិក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីតោន) ដើម្បីរារាំងសម័យប្រជុំសម័យសភា ដែលប្រព្រឹត្តទៅក្នុងគោលបំណង ទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។
កងកម្លាំងប៉ូលិសការពារសន្តិសុខ ប្រចាំនៅក្នុងវិមានកាពីតូល (Capitoll) បានប្រើប្រាស់កាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបាញ់បំបែកក្រុមបាតុករ និងជម្លៀសសមាជិកសភាទាំងឡាយ ចេញដោយសុវត្ថិភាព ខណៈការសម្អាតបន្ទប់ប្រជុំសភាត្រូវបានធ្វើឡើង។ ឈុតឆាតនៃក្រុមបាតុករ ធ្វើការអុកឡុកនៅក្នុងអគារសភា ដែលកម្របានឃើញបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនេះ កំពុងត្រូវបានផ្សព្វផ្សាយ នៅទូទាំងពិភពលោកហើយ។
ដោយសារតែបាតុភាពខាងលើនេះ បានធ្វើឲ្យសម័យប្រជុំសភាទាំងមូល ដែលមានលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន ធ្វើជាអធិបតីនោះ ត្រូវបានសម្រេចផ្អាកជាបណ្តោះអាសន្ន ហើយសូម្បីតែលោក ភែន ក៏ត្រូវបានប៉ូលិសជម្លៀសចេញពីអគារសភាផងដែរ ដើម្បីសុវត្ថិភាព។ បាតុករម្នាក់បានស្រែកថា «ត្រាំ បានឈ្នះការបោះឆ្នោត»។
បើតាមខ្សែវីដេអូ គេបានអង្កេតឃើញក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ វាយកម្ទេចបង្អួចមួយចំនួនរបស់អគារសភា ដើម្បីសម្រុកចូលទៅក្នុងអគារ ខណៈប៉ូលិសបានប្រើប្រាស់កាណុងឧស្ម័ន បាញ់ទប់ទល់ពីខាងក្នុងអគារទៅវិញ។ អគ្គមេបញ្ជាការប៉ូលិសនៅវ៉ាស៊ីនតោនលោក រ៉ូប៊ឺត ខុនធី (Robert Contee) បានលើកឡើងថា ក្រុមបាតុករបានប្រើប្រាស់សារធាតុគីមី ដើម្បីវាយប្រហារលើប៉ូលិស ហើយប៉ូលិសមួយចំនួនក៏បានរងរបួសផងដែរ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈទីភ្នាក់ងារ FBI បានអះអាងថា ខ្លួនបានទប់ស្កាត់ជនសង្ស័យពីរនាក់ ដែលគ្រោងប្រើគ្រឿងផ្ទុះ។ បើតាមប្រវត្តិសាស្ត្រអាមេរិក រឿងហេតុស្រដៀងគ្នានេះ ធ្លាប់បានកើតមានឡើងម្តង កាលពីឆ្នាំ១៨១៤។
សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់សម្រាប់ឲ្យអង្គសភាទាំងពីរ បោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ជាផ្លូវការ ដើម្បីលោកធ្វើការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី ៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើការរៀបចំសម័យប្រជុំឡើងវិញ នឹងត្រូវធ្វើឡើងនៅពេលណាឡើយ៕