(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើការអំពាវនាវជាសាធារណៈដោយអស់សង្ឃឹម ដល់អនុប្រធានាធិបតី លោក Mike Pence ដើម្បីរារាំងការគាំទ្រដល់ជ័យជំនះ របស់លោក Joe Biden និងលុបចោលការបោះឆ្នោតប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The independent នៅយប់ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
នៅថ្ងៃពុធនេះ លោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើ Twitter យ៉ាងដូច្នេះថា«រដ្ឋនានា ចង់កែសំលេងសន្លឹកឆ្នោតរបស់ពួកគេ ដែលពួកគេឥឡូវនេះដឹងថា ការបោះឆ្នោតមិនមានភាពប្រក្រតី និងមានការលួចបន្លំ បូករួមទាំងដំណើរការពុករលួយ ដែលមិនអាចទទួលយកបានតាមផ្លូវច្បាប់ឡើយ»។
ទន្ទឹមនឹងនោះ ប្រធានាធិបតីរូបនេះក៏បានព្យាយាមដាក់សម្ពាធលើអនុប្រធានាធិបតីរបស់ខ្លួន យ៉ាងដូច្នេះថា« Mike Pence អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះជាការចាំបាច់បំផុតនោះ គឺថាត្រឡប់ពួកគេ ទៅកាន់រដ្ឋនិមួយៗវិញ ហើយយើងឈ្នះ។ ចូរធ្វើវា Mike នេះគឺជាពេលវេលានៃភាពក្លាហានបំផុត»។
គួរបញ្ជាក់ថា ការអំពាវនាវជាសាធារណៈរបស់ប្រធានាធិបតីនេះ ធ្វើឡើងនៅពេលដែលលោក Mike Pence ត្រូវបំពេញតួនាទីក្នុងរដ្ឋធម្មនុញ្ញដើម្បីត្រួតពិនិត្យសម័យប្រជុំសភារួមគ្នា ដែលក្នុងនោះសភានិងព្រឹទ្ធសភានឹងបោះឆ្នោតដើម្បីបញ្ជាក់ពីជ័យជំនះរបស់លោក Biden ជាផ្លូវការ៕