(វ៉ាស៊ីនតោន)៖ នៅថ្ងៃបំផុតទៅ ទីភ្នាក់ងារឱសថរបស់សហភាពអឺរ៉ុបដែលហៅកាត់ថា EMA បានអនុម័តឲ្យប្រើ នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna ហើយនៅថ្ងៃពុធនេះ ខណៈដែលមានការរិះគន់កាន់តែច្រើនឡើងជុំវិញភាពយឺតយ៉ាវ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន នៅទូទាំងប្លុក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNBC នៅយប់ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខខ្លួន EMA បានលើកឡើងយ៉ាងដូច្នេះថា«គណៈកម្មាធិការវេជ្ជសាស្ត្ររបស់យើង បានវាយតម្លៃយ៉ាងហ្មត់ចត់នូវទិន្នន័យស្តីពីគុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំង និងបានផ្តល់អនុសាសន៍ ដោយព្រមព្រៀងលើការយល់ព្រមទីផ្សារតាមលក្ខខណ្ឌផ្លូវការ ដែលត្រូវបានផ្តល់ដោយគណៈកម្មការអឺរុប»។
លោក Emer Cooke នាយកប្រតិបត្តិនៃ EMA ដែលមានមូលដ្ឋាននៅទីក្រុង Amsterdam(នៃប្រទេសហូឡង់)បានបន្ថែមថា«វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នឹងផ្តល់ឲ្យយើងនូវឧបករណ៍មួយផ្សេងទៀត ដើម្បីជំនះភាពអាសន្នបច្ចុប្បន្ន»។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំងទី២ ដែលត្រូវបាននិយតករអឺរ៉ុបផ្តល់ភ្លើងខៀវឲ្យប្រើប្រាស់សម្រាប់ប្រជាជនរបស់ខ្លួន ខណៈដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនេះ បានចែកចាយរួចហើយនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕