(ឡុងដ៍)៖ តុលាការអង់គ្លេសនៅថ្ងៃពុធនេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំ របស់ស្ថាបនិក Wikileak លោក Julian Assange ដោយលោកនឹងបន្តជាប់ពន្ធនាគារដដែល។ នេះបើយោងតាមការចេញផ្សាយដិយ សារព័ត៌មាន NBC នៅយប់ថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
សេចក្តីសម្រេចនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចៅក្រមដដែលនេះ បានរារាំងសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើសុំធ្វើបត្យាប័ន លោក Assange ទៅកាត់ទោសនៅសហរដ្ឋអាមេរិក ក្រោមហេតុផល ព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់លោក និងហានិភ័យនៃការធ្វើអត្តឃាត។
ប្រសិនបើសុំណើរបស់សហរដ្ឋអាមេរិកទទួលបានជោគជ័យ នោះលោក Assange ដែលមានវ័យ ៤៩ឆ្នាំ នឹងត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដោយលោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១៧៥ឆ្នាំនៅទីនោះ ក្រោមបទចោទប្រកាន់ ១៨ករណី ជុំវិញការរំលោភច្បាប់ចារកម្ម និងការឃុបឃិតលួចទិន្នន័យកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថា Wikileak បានចុះផ្សាយឯកសារការទូតរបស់សហរដ្ឋអាមេរិករាប់រយ រាប់ពាន់ឯកសារ ដែលជារឿយៗរិះគន់ទៅលើមេដឹកនាំពិភពលោក រួមមានទាំងសមាជិកនៃគ្រួសាររាជវង្សរបស់អារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ផងដែរ៕