(សេអ៊ូល)៖ កូរ៉េខាងត្បូង បានចាប់ផ្ដើមបើកដំណើរការ ការធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ទ្រង់ទ្រាយធំ សម្រាប់ពន្ធនាគារចំនួន ៥២កន្លែង នៅទូទាំងប្រទេស បន្ទាប់ពីមានការផ្ទុះឡើងជាចង្កោមធំៗ នៃការឆ្លងវីរុសនេះនៅក្នុងពន្ធនាគារ ហើយនឹងអាចពន្យារការហោះហើរពីចក្រភពអង់គ្លេស ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុសនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក យូន ថេហូ (Yoon Tae-ho) បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតថា ជាងពាក់កណ្តាលនៃចំនួនអ្នកទោស និងបុគ្គលិកសរុបចំនួន ២,២៩២នាក់ នៅក្នុងពន្ធនាគារមួយ នៅភាគខាងត្បូងឈៀងខាងកើត ទីក្រុងសេអ៊ូល បានធ្វើតេស្តវិជ្ជមាន COVID-19 បន្ទាប់ពីចង្កោមធំៗ នៃការឆ្លងវីរុសនេះជាលើកដំបូង ត្រូវបានរាយការណ៍នៅក្នុងពន្ធនាគារ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ លោក Yoon Tae-ho ក៏បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង កំពុងបំបែកអ្នកទោសដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នេះ ដោយការបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យដែលបានកំណត់។
ជុំវិញបញ្ហានេះ អាជ្ញាធរកូរ៉េខាងត្បូង នឹងបំពេញការធ្វើតេស្តរកវីរុសកូរ៉ូណា (COVID-19) ទ្រង់ទ្រាយធំលើអ្នកទោស និងបុគ្គលិកពន្ធនាគារប្រហែល ៧០,០០០នាក់ នៅទូទាំងប្រទេស ខណៈករណីឆ្លងដែលទាក់ទងទៅនឹងពន្ធនាគារនៅទូទាំងប្រទេស បានកើនឡើងដល់ ១,១៩១ករណី។
អាជ្ញាធរកូរ៉េខាងត្បូង ក៏នឹងសម្រេចចិត្តថាតើត្រូវផ្អាកការហោះហើរពីចក្រភពអង់គ្លេស ដែរឬយ៉ាងណា ស្របពេលករណីឆ្លង COVID-19 ទម្រង់ថ្មីចំនួន១២ករណី ត្រូវបានរកឃើញនាពេលថ្មីៗនេះ។ កូរ៉េខាងត្បូង បានដាក់វិធានការរឹតត្បឹតលើជើងហោះហើរត្រង់ពីចក្រភពអង់គ្លេស រហូតដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះរួចមកហើយ ដែលតម្រូវឲ្យអ្នកដំណើរមកពីអង់គ្លេស ឬប្រទេសអាហ្វ្រិកខាងត្បូង ត្រូវតែឆ្លងកាត់ការធ្វើតេស្តជាមុនសិន មុនឡើងជិះយន្ដហោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៦៥,៨១៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,០២៧នាក់ និងជាសះស្បើយ ៤៦,៩៩៥នាក់៕