(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៣៦៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លង សរុបនៅទូទាំងប្រទេសកើនដល់ ៩,៣៣១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
នៅក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ខាងលើ ៩៩ករណី ត្រូវបានរកឃើញ នៅក្នុងចំណោមពលករអន្តោប្រវេសន៍, ២៥០ករណី គឺជាករណីឆ្លងនៅក្នុងស្រុក និង១៦ករណីផ្សេងទៀត រកឃើញលើអ្នកដែលទើបត្រឡប់មកពីបរទេស។ អាជ្ញាធរសុខាភិបាលថៃ បានឱ្យដឹងទៀតថា នៅថ្ងៃពុធនេះដែរ អ្នកជំងឺ COVID-19 ជាបុរសម្នាក់ អាយុ៦៣ឆ្នាំ នៅក្នុងខេត្ត Samut Sakhon បានស្លាប់ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦៦នាក់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលថៃ នៅក្នុងចំណោមករណីឆ្លងសរុប នៅទូទាំងប្រទេស ក្នុងនោះមាន ៧,២៤៩នាក់ ជាករណីឆ្លងនៅក្នុងស្រុក និង២,០៨២នាក់ ជាករណីនាំចូលពីបរទេស ខណៈអ្នកជំងឺ ៤,៤១៨នាក់ បានជាសះស្បើយឡើងវិញ៕