(ប៉េកាំង)៖ ចិន បានព្រមានថា ខ្លួននឹងចាត់វិធានការចាំបាច់នានា ដើម្បីឆ្លើយតបនឹងកិច្ចសន្ទនាយោធា ដែលត្រូវបានគ្រោងទុករវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ហើយប្រឆាំងជំទាស់ជាដាច់ខាត ចំពោះកិច្ចសន្ទនាបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ប្រតិកម្មរបស់ចិន កើតមានឡើង បន្ទាប់ពីក្រសួងការបរទេសអាមេរិក បានប្រកាសថាជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ និងយោធា គឺលោក Clarke Cooper នឹងថ្លែងសុន្ទករថាមួយ ក្នុងកិច្ចសន្ទនានយោបាយ និងយោធាជាមួយសមភាគីតៃវ៉ាន់ ពីចម្ងាយចេញពីក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ តែមិនបានបញ្ជាក់អ្វីលម្អិតផ្សេងពីនេះទៀតឡើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា ចិនជំទាស់ជាដាច់ខាតចំពោះ កិច្ចសន្ទនាយោធា រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ លោកស្រី Chunying បានគូសបញ្ជាក់ដូច្នេះថា៖ «ចិន នឹងចាត់វិធានការឆ្លើយតបចាំបាច់នានា ដោយផ្អែកទៅលើស្ថានភាពជាក់ស្ដែង»។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានជំរុញផងដែរឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់នូវកិច្ចសន្ទនាយោធាគ្រប់ទម្រង់ទាំងអស់ជាមួយតៃវ៉ាន់ ដើម្បីបញ្ចៀស កុំឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិន និងអាមេរិក ក៏ដូចជាស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ យ៉ាងណាក៏ដោយ ក្រសួងការបរទេសតៃវ៉ាន់ មិនបានបញ្ជាក់លម្អិត ពីកិច្ចសន្ទនាយោធាជាមួយសហរដ្ឋអាមេរិកនោះទេ ដោយគ្រាន់តែលើកឡើងពីទំនុកចិត្ត រួមទាំងទំនាក់ទំនងរវាងអាមេរិក និងតៃវ៉ាន់តែប៉ុណ្ណោះ៕