(ប៉េកាំង)៖ អាជ្ញាធរចិន នៅថ្ងៃពុធនេះ បានរឹតត្បិតលើការធ្វើដំណើរ និងហាមឃាត់ការប្រមូលផ្ដុំគ្នា នៅទីក្រុងមួយនៃខេត្ត ហឺប៉ី (Hebei) ដែលស្ថិតនៅព័ទ្ធជុំវិញទីក្រុងប៉េកាំង ហើយដែលនេះជាវិធានការថ្មី ដើម្បីទប់ស្កាត់ការកើនឡើងវិញនៃរលកឆ្លងរាលដាលនៃវីរុសកូរ៉ូណា (COVID-19)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ខេត្ត Hebei កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ២៣ករណី ក្នុងនោះមាន២០ករណី ជាករណីឆ្លងក្នុងស្រុក។ ខេត្ត Hebei ក៏បានរកឃើញករណីឆ្លង COVID-19 ដែលមិនមានរោគសញ្ញាចំនួន ៤៣ករណី ក្នុងចំណោម ៦៤ករណី នៅទូទាំងប្រទេសចិនផងដែរ។
ទីក្រុង ហ្ស៊ីជាហ្សួង (Shijiazhuang) នៃខេត្ត Hebei ជាទីក្រុងមួយដែលមានប្រជាជនចំនួន ១១លាននាក់ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១៩ករណី និងករណីឆ្លងដែលគ្មានរោគសញ្ញាចំនួន ៤១ករណី។ ប៉ុន្តែទីក្រុងនេះ ក៏បានបង្កើននូវវិធានការឆ្លើយតបតវិញផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិ Shijiazhuang Zhengding នៅថ្ងៃពុធនេះ អាជ្ញាធរនឹងតម្រូវឲ្យអ្នកដំណើរទាំងអស់ នាពេលបច្ចុប្បន្ននេះ ត្រូវតែធ្វើតេស្តរក COVID-19 ក្នុងរយៈពេល ៧២ម៉ោង មុនពេលឡើងជិះរថភ្លើង ឬយន្តហោះ។
ទីក្រុងហ្ស៊ីជាហ្សួង ក៏បានបើកដំណើរការការធ្វើតេស្តរក COVID-19 ដ៏ធំមួយផងដែរ រួមទាំងការបិទចំណតឡានក្រុង ដែលមានចម្ងាយឆ្ងាយរបស់ខ្លួន និងបានហាមឃាត់ ការប្រមូលផ្តុំគ្នា ខណៈការដឹកជញ្ជូននៅទីក្រុងនេះ ក៏ត្រូវបានផ្អាកអស់រយៈពេល ០៣ថ្ងៃផងដែរ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៧,២១៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៨២,១៣៨នាក់៕