(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឡាវនាថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមបន្ទាប់ទៀតនៃបុគ្គលិកសុខាភិបាលជួរមុខ ត្រូវបានកំណត់ថានឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 បន្ទាប់ពីមនុស្សច្រើនជាង១០០នាក់ ដែលត្រូវបានចាក់វ៉ាក់សាំងនាពេលកន្លងទៅ មិនបង្ហាញផលប៉ះពាល់អវិជ្ជមានអ្វី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឡាវ Vientiane Times នៅថ្ងៃពុធនេះ អនុរដ្ឋមន្រ្តីសុខាភិបាលឡាវ លោក ភូធន មួងប៉ាក់ (Phouthone Muongpak) បាននិយាយថា ការចាក់វ៉ាក់សាំង COVID-19 ដែលបានចាប់ផ្តើមជាលើកដំបូងកាលពី ចុងខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងប្រទេសលោក បានផ្តល់លទ្ធផលយ៉ាងល្អប្រសើរ ដោយពុំមានផលប៉ះពាល់អវិជ្ជមាន ឬអាការៈចម្លែកអ្វីនោះទេ។
គួរបញ្ជាក់ថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ បុគ្គលិកសុខាភិបាលឡាវមួយក្រុមដំបូងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ហើយកាលពីខែធ្នូ ឆ្នាំដដែល មួយក្រុមទៀតក៏ទទួលបានការចាក់ដូចគ្នា។ ពាក់ព័ន្ធនឹងករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឡាវ វិញ គឺបន្តស្ថិតនៅត្រឹម៤១ករណីដដែល ក្នុងនោះ៤០នាក់បានជាសះស្បើយ និងម្នាក់កំពុងស្ថិតក្រោមការតាមដាននៅមន្ទីរពេទ្យ។ ឡាវបានរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងនៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០៕