(រីយ៉ូ ដឺហ្សាណេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅប្រេស៊ីល) បានរាយការណ៍ពីការស្លាប់ដោយសារ COVID-19 ថ្មីៗចំនួន ១,១៧១នាក់ បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៩៧,៧៣២នាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ការស្លាប់ដោយសារ COVID-19 ដែលត្រូវបានរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ គឺជាការស្លាប់ខ្ពស់បំផុតទី២ គិតចាប់តាំងពីខែកញ្ញា បន្ទាប់ពីអ្នកជំងឺ COVID-19 ចំនួន ១,១៩៤នាក់ បានស្លាប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។
ក្រសួងសុខាភិបាលប្រេស៊ីល ក៏បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៥៦,៦៤៨ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដូចគ្នាផងដែរ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៧,៨១០,៤០០ករណី។
រដ្ឋសៅប៉ូឡូ (Sao Paulo) ជារដ្ឋដែលមានប្រជាជនច្រើនជាងគេនៅប្រទេសប្រេស៊ីល នៅតែជាចំណុចកណ្ដាលនៃការរាតត្បាតវីរុសកូរ៉ូណា (COVID-19) ដដែល ដោយមាន អ្នកឆ្លងចំនួន ១,៤៨៦,៥៥១នាក់ និងអ្នកស្លាប់ចំនួន ៤៧,២២២នាក់។ បន្ទាប់មក គឺរដ្ឋរីយ៉ូដឺហ្សាណេរ៉ូ (Rio de Janeiro) ដែលមានអ្នកឆ្លងចំនួន ៤៤៣,៦០៧នាក់ ក្នុងនោះស្លាប់ចំនួន ២៥,៨៣៧នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រេស៊ីល គឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ ដោយសារ COVID-19 ខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងខ្ពស់ជាងគេលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា៕