(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តរបស់ខ្លួន បានសម្រេចចិត្តស្តារទំនាក់ទំនងឡើងវិញជាមួយប្រទេសកាតាហើយ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយ ដោយ បិទបញ្ចប់ភាពប្រេះឆានឹងគ្នា ដែលកើតឡើងតាំងតែពីឆ្នាំ២០១៧មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
កាលពីខែមិថុនា ឆ្នាំ២០១៧ ប្រទេសអារ៉ាប់ចំនួន០៤ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានកាត់ផ្តាច់ទំនាក់ទំនងការទូត និងការដឹកជញ្ជូន ជាមួយកាតា ដោយចោទប្រកាន់ថា ទីក្រុងដូហា មានទំនាក់ទំនងជិតស្និទជាមួយទីក្រុងតេហេរ៉ង់ ប៉ុន្តែទីក្រុងដូហា បានច្រានចោលទាំងស្រុង។ អារ៉ាប៊ីសាអ៊ូឌីតបានបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប បានចូលរួមជាមួយខ្លួនក្នុងការបង្កើតទំនាក់ទំនងឡើងវិញជាមួយប្រទេសកាតា។ ប្រមុខដឹកនាំប្រទេសកាតា គឺព្រអង្គម្ចាស់ សៀស តំាមីន ប៊ិនហាម៉ាត់ អាល់ថានី (Sheikh Tamim bin Hamad al-Thani) បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលចុះចតនៅលើទឹកដីនៃ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតជាមួយវត្តមាន របស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីតមហាំម៉ាត់ ប៊ិន សាល់ម៉ាន (Mohammed bin Salman) ។
បន្ទាប់ពីកិច្ចប្រជុំកំពូលដែលត្រូវបានធ្វើឡើង នៅទីក្រុងវាលខ្សាច់ អាល់-អ៊ូលឡា (Al-Ula) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ិន ហ្វាហាន់ (Faisal bin Farhan) បានលើកឡើងយ៉ាងដូច្នេះថា៖« អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺការបើកទំព័រប្រវត្តិសាស្ត្រទាំងអស់លើភាពខុសគ្នា និងការវិលត្រឡប់ មកវិញនូវទំនាក់ទំនងការទូតពេញលេញ»។
គួរបញ្ជាក់ថា មេដឹកនាំ ៦រូបនៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រអារ៉ាប់ (Gulf Cooperation Council) បានចុះហត្ថលេខាលើឯកសារចំនួន០២ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។ ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះបានបង្ហាញពីសាមគ្គីភាព និងស្ថិរភាពនៅតំបន់ឈូងសមុទ្រអារ៉ាប់ និងប្រទេសអ៊ីស្លាម របស់យើង។ បន្ថែមពីលើនេះ ព្រះអង្គក៏បានអំពាវនាវឲ្យមានសាមគ្គីភាព ដើម្បីប្រឈមមុខនឹងបញ្ហានៅក្នុងតំបន់ជុំវិញការគំរាមកំហែងដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៉ីរ៉ង់ ផងដែរ៕