តេហេរ៉ង)៖ អាជ្ញាធរអ៉ីរ៉ង់ បានស្នើជាលើកទី២ ឱ្យប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ហើយការស្នើនេះ ធ្វើឡើងតែជាងពីរសប្ដាហ៍ទៀតប៉ុណ្ណោះ មុននឹងលោក ត្រាំ ត្រូវចាកចេញពីសេតវិមាន។ នេះបើតាមការដកស្រង់ផ្សាយពី សារព័ត៌មាន The Hill នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យតុលាការអ៉ីរ៉ង់ លោក Gholamhossein Esmaili បាននិយាយថា អ៉ីរ៉ង់ បានស្នើឱ្យប៉ូលិសអន្តរជាតិ Interpol ចាប់ខ្លួនលោក ត្រាំ និងក្រុមមន្ត្រីអាមេរិក ៤៧នាក់ផ្សេងទៀត ដែលត្រូវបានចោទថា បានចូលរួមក្នុងការធ្វើឃាត លោក Qassem Soleimani ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។ លោក Esmaili បានបញ្ជាក់ បន្ថែមដូច្នេះថា៖ «សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ នៅតែបន្តការតាមចាប់ខ្លួនអ្នកទាំងឡាយណាដែលបានបង្គាប់ និងអនុវត្តបទឧក្រិដ្ឋមួយនេះ»។
គួរបញ្ជាក់ថា មេទ័ពកំពូលអ៉ីរ៉ង់លោក Qassem Soleimani ត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយលោក ត្រាំ ផ្ទាល់អះអាងថាលោក Soleimani មានផែនការវាយប្រហារលើសហរដ្ឋអាមេរិក។ អ្នកជំនាញច្បាប់អន្តរជាតិភាគច្រើនយល់ថានេះគឺជាទង្វើខុសច្បាប់ ហើយព្រមពេលជាមួយគ្នា អ៉ីរ៉ង់ក៏ដឹងខ្លួនដែរថា ការចេញដីកា ឬស្នើឱ្យប៉ូលិស Interpol ចាប់ខ្លួនប្រធានាធិបតីអាមេរិក គឺជារឿងមិនអាចទៅរួច ប៉ុន្តែទីក្រុងតេហេរ៉ង់ នៅតែ ជំនះធ្វើបែបនេះ ទំនងគ្រាន់តែចង់ធ្វើឱ្យតែល្អមើល ឬបើកមុខមាត់ពិតរបស់អាមេរិក ឬក៏ដើម្បីលួងលោមប្រជាជនអ៉ីរ៉ង់ ដែលស្រឡាញ់លោក Soleimani ប៉ុណ្ណោះ៕