(តេអេរ៉ង់)៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារនេះបាននិយាយថា ខ្លួនមានការសោកស្តាយ ចំពោះការបន្តការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូម ដល់កម្រិត ២០ភាគរយនៅឯរោងចក្រនុយក្លេអ៊ែរក្រោមដីមួយកន្លែង ដែលបានរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ទោះជាយ៉ាងណា គណៈកម្មការអឺរ៉ុបនៅតែជឿជាក់ថា កិច្ចព្រមព្រៀងនេះនៅមានតម្លៃ ដែលត្រូវថែរក្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានថ្លែងប្រាប់សន្និសីទសារព័ត៌មានទៀងទាត់មួយនៅថ្ងៃនេះថា «យើងមានការព្រួយបារម្ភខ្ពស់ ចំពោះវិធានការណ៍របស់អ៊ីរ៉ង់។ សកម្មភាពនេះ គឺជាការរំលោភបំពានលើកិច្ចសន្យានុយក្លេអ៊ែរឆ្នាំ២០១៥ ហើយវានឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ»។ អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា «វាគួរឲ្យសោកស្តាយ ប៉ុន្តែវាក៏សំខាន់ផងដែរ ហើយយើងត្រូវតែរក្សាកិច្ចព្រមព្រៀងនេះ»។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៥ អ៉ីរ៉ង់ត្រូវបានអនុញ្ញាតឲ្យចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម ត្រឹមកម្រិត ៣.៦៧ភាគរយប៉ុណ្ណោះ។ ប៉ុន្តែអ៉ីរ៉ង់ចាប់ផ្ដើមបង្កើន ការចម្រាញ់លើសកម្រិតកំណត់នេះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ និងចាប់ផ្ដើមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើងវិញ។ បន្ថែមពីលើនេះ អ៉ីរ៉ង់រឹតតែបង្កើនការចម្រាញ់សារធាតុអ៉ុយរ៉ាញ៉ូម កាន់តែខ្លាំង បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៉ីរ៉ង់ លោក ម៉ូហ៍សិន ហ្វាគ្រីហ្សាដេស៍ (Mohsen Fakhrizadeh) ត្រូវបានគេធ្វើឃាតកាលពីខែវិច្ឆិកា ឆ្នាំ២០២០៕