(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១នេះថា ប្រទេសកូរ៉េខាងត្បូងនឹងបញ្ជូនគណៈប្រតិភូរដ្ឋាភិបាលមួយក្រុមទៅកាន់ប្រទេសអ៊ីរ៉ង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចរចាសុំការដោះលែងកប៉ាល់ដឹកប្រេងរបស់ខ្លួន ដែលត្រូវបានឆ្នាំបដិវត្តអ៊ីរ៉ង់រឹបអូសយក កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក Choi Yong Sam បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា «គណៈប្រតិភូមួយក្រុម នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់ នាពេលឆាប់បំផុតនេះ ដើម្បីព្យាយាមដោះស្រាយបញ្ហា តាមរយៈការចរចាទ្វេភាគី»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ដោយឡែក ដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃ ទៅកាន់ទីក្រុងតេអេរ៉ង់ របស់អនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Choi Jong-kun នឹងបន្តតាមការគ្រោងទុក នៅដើមសប្តាហ៍ក្រោយ ដោយគ្មានការប្រែប្រួលឡើយ។ ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីរូបនេះ ត្រូវបានរៀបចំឡើងមុនការរឹបអូសនេះទៅទៀត ខណៈដែលទីក្រុងតេអេរ៉ង់ កំពុងស្វែងការរដោះលែងប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលកំពុងតជាប់គាំងនៅទីក្រុងសេអ៊ូល ក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ឆ្មាំបដិវត្តអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានរឹបអូសយកកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលមានដោតទង់ជាតិកូរ៉េខាងត្បូង នៅក្នុងដែនទឹកឈូងសមុទ្រពែក្ស ក្រោមហេតុផលថា កប៉ាល់ដែលមានឈ្មោះថា Hankuk Chemi នេះ បានរំលោភបំពានម្តងហើយម្តងទៀត នូវច្បាប់បរិស្ថានដែនសមុទ្រ៕