(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថាប្រទេសរបស់លោក បានបញ្ជាទិញវ៉ាក់សាំង COVID-19 ៣៥លានដូសបន្ថែមទៀតពីក្រុមហ៊ុន អង់គ្លេស AstraZeneca ដែលនេះធ្វើឱ្យការបញ្ជាទិញវ៉ាក់សាំងសរុប កើនដល់៦៣លានដូស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
ការប្រកាសខាងលើរបស់លោក ប្រាយុទ្ធ ចាន់អូចា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារនេះ និងបន្ទាប់ពីថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាទិញ វ៉ាក់សាំង COVID-19 ២៦លានដូសពីក្រុមហ៊ុន AstraZeneca។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់ដូច្នេះថា៖ «នៅថ្ងៃនេះ! យើងបានបញ្ជាទិញវ៉ាក់សាំងបន្ថែម៣៥លានដូស ទៀត ពីក្រុមហ៊ុន AstraZeneca»។
គួរបញ្ជាក់ថា ថៃ ក៏បានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនចិន Sinovac Biotech ចំនួន២លានដូសផងដែរ ហើយរំពឹងថានឹងទទួលបានវ៉ាក់សាំងដូសដំបូង ២០០,០០០ដូសពីក្រុមហ៊ុនចិនមួយនេះ នៅខែកុម្ភៈខាងមុខនេះ។ ថៃ បច្ចុប្បន្ន មានអ្នកឆ្លង COVID-19 ៨,៩៦៦នាក់ ក្នុងនោះស្លាប់ ៦៥នាក់ និងជាសះស្បើយឡើងវិញ ៤,៣៥២នាក់៕