(ប៉េកាំង)៖ មន្ត្រីចិនមួយរូប បានប្រកាសនៅថ្ងៃអង្គារនេះថា ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានផ្តោតទៅលើការសម្របសម្រួលដល់កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន នៅតាមបណ្តាញឧស្សាហកម្ម ក្នុងការពន្លឿនការធ្វើឧស្សាហូបនីយកម្មនៃវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) និងពង្រីកសមត្ថភាពផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានឆាប់រហ័សផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន លោក វ៉ាង ជាំងភីង (Wang Jiangping) បានគូសបញ្ជាក់ថា សមត្ថភាពផលិតវ៉ាក់សាំង COVID-19 របស់ប្រទេសចិន នឹងត្រូវបានពង្រីកជាលំដាប់ ហើយស្របពេលជាមួយគ្នាវ៉ាក់សាំង នឹងត្រូវធានានូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
លោក Wang បានគូសបញ្ជាក់បន្ថែមថា ផែនការផលិតកម្ម នឹងត្រូវរៀបចំឡើងឲ្យបានត្រឹមត្រូវ ដើម្បីបង្កើនសក្តានុពលនៃការផលិត និងធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers ប្រទេសចិន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៨៧,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៨២,១១៧នាក់។ កាលពីចុងឆ្នាំ២០២០ អាជ្ញាធរចិនបានប្រកាសអនុម័តឲ្យប្រើប្រាស់ជាលក្ខណៈទូលំទូលាយនូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ដែលមានប្រសិទ្ធភាពជិត៨០ភាគរយប្រឆាំងជំងឺនេះ៕