(ប៊ែរឡាំង)៖ វិទ្យាស្ថានអាល្លឺម៉ង់ រ៉ូប៊ឺត ខូច (Robert Koch ឬ RKI) បានរាយការណ៍ឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ មនុស្សសរុបចំនួន ២៦៥,៩៨៦នាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) សម្រាប់ដូសដំបូងរួចរាល់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
បើតាមទិន្នន័យដែលប្រមូលបានពីបណ្តារដ្ឋអាល្លឺម៉ង់ ក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង COVID-19 ខាងលើនេះ គឺមានប្រជាជនជាង ១១៤,៦០០នាក់ដែលរស់នៅតាមមជ្ឈមណ្ឌលថែទាំ រួមទាំងបុគ្គលិកពេទ្យជាង ១២៣,១០០នាក់ផងដែរ។ យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។
រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក ហ្សែនស៍ ស្ពេន (Jens Spahn) បានគូសបញ្ជាក់ប្រាប់កាសែតអាល្លឺម៉ង់ រ៉េនីឆេ ប៉ុស្តិ៍ (Rheinische Post) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា «ការចាក់វ៉ាក់សាំង COVID-19 នេះ គឺជាផ្លូវដើរចេញពីការឆ្លងរីករាលដាលនៃវីរុសដ៏កាចសាហាវនេះ។ មួយជំហានៗ យើងនឹងអាចចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់យើងបានកាន់តែច្រើន ដូច្នេះយើងនឹងអាចវិលត្រលប់មករក សភាពធម្មតាវិញបាន»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ លោក ស្ទេហ្វហ្វិន សៃបឺត (Steffen Seibert) ក៏បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃដដែលនោះថា «យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 របស់ប្រទេសអាល្លឺម៉ង់ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល និងអាជ្ញាធររដ្ឋសហព័ន្ធរបស់អាល្លឺម៉ង់ ដែលមានគោលដៅសម្រេចឲ្យបាននូវ ការចាក់វ៉ាក់សាំងបានល្អបំផុត ត្រឹមត្រូវបំផុត និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីវែបសាយ Worldometers ប្រទេសអាល្លឺម៉ង់ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជិត ១.៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ៣៥,០០០នាក់ និងជាសះស្បើយជាង ១.៤លាននាក់៕