(ឡាប៉ាស់)៖ រដ្ឋមន្ត្រីការបរទេសបូលីវីលោក រ៉ូជែលីយ៉ូ ម៉ាយតា (Rogelio Mayta) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ក្រោយរដ្ឋមន្ត្រីមួយរូបទៀត របស់ប្រទេសអាមេរិកឡាទីនមួយនេះ បានធ្វើតេស្តវិជ្ជមានដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍ចេញពីក្រសួងការបរទេសបូលីវី បានបញ្ជាក់ថា «លោករដ្ឋមន្ត្រីការបរទេស ស្ថិតនៅក្នុងស្ថានភាពនឹងនរ ខណៈលោកកំពុងស្ថិតនៅក្នុងការអនុវត្តវិធានការសុវត្ថិភាព ហើយក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព យ៉ាងត្រឹមត្រូវផងដែរ»។ លោក Mayta គឺជារដ្ឋមន្ត្រីទីពីរហើយ ដែលបានឆ្លងជំងឺ COVID-19 នៅក្នុងជួរគណៈរដ្ឋមន្ត្រីបូលីវី បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក អ៊ែដម៉ាន់ឌូ នូវីលឡូ (Edmundo Novillo) បានឆ្លងជំងឺនេះដូចគ្នា និងស្ថិតក្នុងស្ថានភាពនឹងនរ។
គួរបញ្ជាក់តាមអ្នកនាំពាក្យប្រធានាធិបតីបូលីវីឲ្យដឹងថា អនុរដ្ឋមន្ត្រីមួយចំនួនទៀត ក៏បានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមពីនេះ មិនត្រូវបានចេញផ្សាយនោះទេ។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ប្រទេសបូលីវីមានអ្នកឆ្លង COVID-19 សរុប ១៦២,៦៦១ករណី ក្នុងនោះស្លាប់ ៩,២០១នាក់ និងជាសះស្បើយវិញ ១៣៣,២៤៧នាក់៕