(ឡុងដ៍)៖ តុលាការនៅទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេសបានសម្រេចថា ស្ថាបនិក Wikileaks លោក Julian Assange មិនអាចត្រូវបានធ្វើបត្យាប័នបញ្ជូនទៅសហរដ្ឋអាមេរិក ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
ចៅក្រម បានលើកជាហេតុផល ការដែលខ្លួនបានរារាំងសំណើការធ្វើបត្យាប័ននេះ ដោយសារតែការព្រួយបារម្ភចំពោះ បញ្ហាសុខភាពផ្លូវចិត្តរបស់លោក Assange និងហានិភ័យ នៃការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ស្ថាបនិក Wikileaks វ័យ ៤៩ ឆ្នាំរូបនេះ ត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសតាមចាប់ខ្លួន ដោយសារតែការចុះផ្សាយឯកសាររាប់ពាន់ប្រភេទ ក្នុងឆ្នាំ២០១០ និង ២០១១។ សហរដ្ឋអាមេរិកអះអាងថា ការលេចធ្លាយឯកសារទាំងនេះ បានរំលោភលើច្បាប់ និងអាយុជីវិតរបស់អ្នដទៃ។ លោក Assange បានប្រឆាំងនឹងការធ្វើបត្យាប័ននេះ ដោយបានចាត់ទុកករណីនេះថា ជាហេតុផលនយោបាយ៕