(ប៉េកាំង)៖ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ទីក្រុងប៉េកាំងនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 សម្រាប់ក្រុមសំខាន់ៗ នៅមុនពេលដែលបុណ្យនិទាឃរដូវ ដែលត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំនេះ មកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
គណៈកម្មការសុខាភិបាលក្រុងប៉េកាំង បាននិយាយថា នៅពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងជុំនេះបិទបញ្ចប់ ប្រជាជនដែលសក្តិសមទាំងអស់នៅក្នុងទីក្រុង នឹងទទួលបានការវ៉ាក់សាំង COVID-19 ទាំងអស់គ្នា ខណៈដែលសកម្មភាពផលិតវ៉ាក់សាំង កំពុងតែបង្កើនសមត្ថិភាពផលិតរបស់ខ្លួនកាន់តែច្រើនឡើង។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃ ចាប់តាំងពីទីក្រុងប៉េកាំង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ មានប្រជាជនសរុបចំនួន ៧៣,៥៣៧នាក់ នៃតំបន់ចំនួន ២២០កន្លែងនៅទូទាំងទីក្រុង បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរួចរាល់ហើយ៕