(ហ្សេរុយសាឡឹម)៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បានប្រកាសនៅថ្ងៃចន្ទនេះថា លោកចង់ឲ្យប្រទេសរបស់លោក ទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងនេះ អាចត្រូវបានសម្រេច មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចុះចេញពីតំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
អ៉ីស្រាអែល បានពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីវិធីការពារផលប្រយោជន៍យោធារបស់ខ្លួន បន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអនុម័តលើការលក់ យន្តហោះចម្បាំងបំបាំងកាយ F-35 ទៅឲ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីឆ្នាំ២០២០កន្លងទៅនេះ ដែលយន្តហោះចម្បាំងបំបាំងកាយនេះ ធ្លាប់មានសម្រាប់តែ ប្រទេសអ៉ីស្រាអែលប៉ុណ្ណោះ នៅក្នុងតំបន់មជ្ឈិមបូព៌ា។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក ប៊ិននី ហ្គេនស៍ (Benny Gantz) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ Ynet ថា «ដោយគ្មានការសង្ស័យ យើងចាំបាច់ត្រូវតែពង្រីក កងយន្តហោះចម្បាំងបំបាំងកាយ F-35 បន្ថែម ដែលឥឡូវនេះ យើងមានចំនួន ២ក្រុមរួចមកហើយ។ ខ្ញុំគិតថា យើងនឹងពង្រីកវាបន្ថែម។ នេះជាអ្វីដែលខ្ញុំបាន ស្នើសុំពីអាមេរិក»។
គួរបញ្ជាក់ថា លោក Benny Gantz មិនបានបញ្ជាក់ពីចំនួនយន្តហោះចម្បាំងបំបាំងកាយ F-35 នៅក្នុងកងអនុសេនាធំថ្មី ដែលបានស្នើសុំទិញនោះទេ។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិ អ៉ីស្រាអែលរូបនេះ បានឱ្យដឹងថា កងយន្តហោះចម្បាំងបំបាំងកាយទាំង២ក្រុម ដែលប្រទេសអ៉ីស្រាអែល បានបញ្ជាទិញរួចមកហើយនោះ មានយន្តហោះចំនួន ៥០គ្រឿង។ យន្តហោះចម្បាំងបំបាំងកាយ F-35 ផលិតឡើងដោយក្រុមហ៊ុនអាមេរិក Lockheed Martin៕