(បាងកក)៖ មន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលថៃបានប្រកាសឱ្យដឹងថា ប្រទេសអាស៊ានមួយនេះនឹងទទួលបានវ៉ាក់សាំង COVID-19 ដំបូងបង្អស់ពីក្រុមហ៊ុនចិន Sinovac នៅខែកុម្ភៈខាងមុខ ខណៈដែលខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្នុងបរិមាណ ២០០ លានដូសនៅក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ប្រទេសថៃមានបំណងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់ពាក់កណ្តាលនៃចំនួនសរុបប្រជាជនជាង ៧០ លាននាក់។ រដ្ឋាភិបាលថៃបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន ២លានដូសពីក្រមហ៊ុនចិន Sinovac។
ទន្ទឹមនឹងនេះ អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃលោក ស៊ូផាគីត ស៉ីរីឡាក់ (Supakit Sirilak) កាលពីថ្ងៃអាទិត្យកន្លងទៅ ក៏បានប្រកាសដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ចំនួន ៨០០,០០០ ដូស នឹងមកដល់នៅត្រឹមខែមីនា និង ១លានដូសទៀតនៅខែមេសា។
នៅថ្ងៃចន្ទដដែលនេះ ប្រទេសថៃបានរាយការណ៍ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ៧៤៥ ករណីបន្ថែមទៀត ដែលជាការរកឃើញច្រើនបំផុតនៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ នៅចំពោះមុខការកើនឡើងយ៉ាងគំហុកបែបនេះ លោកប្រាយុទ្ធ បានទទូចឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ប៉ុន្តែបានសម្រេចជៀសវាងដាក់ចេញនូវវិធានការចាក់សោរនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ប្រទេសថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងចំនួន ២៦លានដូស ពីក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស ដែលនឹងត្រូវផលិតដោយក្រុមហ៊ុនក្នុងស្រុកឈ្មោះ Siam Bioscience ដោយដំណាក់កាលដំបូងនឹងត្រូវរួចរាល់នៅត្រឹមខែឧសភា។
លោក Songpon Deechongkit នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Siam Bioscience បានគូសបញ្ជាក់ថា វ៉ាក់សាំងដែលផលិតក្នុងស្រុកនឹងត្រូវដាក់ស្នើសុំការអនុម័តពីរដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) នៅត្រឹមខែមេសា។ ក្រុមហ៊ុនក្នុងសុក្រមួយនេះនឹងមានសមត្ថភាពផលិតវ៉ាក់សាំង ២០០ លានដូសនៅក្នុងមួយឆ្នាំសម្រាប់លក់ក្នុងស្រុក និងទីផ្សារក្នុងតំបន់៕