(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា ប្រទេសចិនតែងតែបើកចំហជានិច្ចនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវ៉ាក់សាំង COVID-19 និងគិតគូខ្ពស់បំផុតចំពោះប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
លោកស្រី Hua Chunying ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃចន្ទនេះ។ លោកស្រី បន្ថែមទៀតថា ចិនកំពុងបន្តការគាំទ្រយ៉ាងសកម្ម ដល់សហគ្រាសនៅក្នុងស្រុក ដើម្បីជួយសម្រួលដល់ការបង្កើតទំនាក់ទំនងជាមួយដៃគូបរទេស ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ ព្រមទាំងការផលិតវ៉ាក់សាំង។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានបេក្ខភាពវ៉ាក់សាំង COVID-19 ជាច្រើន កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ និងការធ្វើតេស្ដក្នុងដំណាក់កាលទី៣ ដោយក្រុមហ៊ុនចិន នៅឯបរទេស ដោយមានភាពជឿនលឿនទៅមុខ។ វ៉ាក់សាំងចិន ក៏ទទួលបានការបញ្ជាទិញជាបណ្ដើរៗហើយដែរ ដោយក្នុងនោះនៅថ្ងៃចន្ទនេះ ថៃបានប្រកាសថាខ្លួននឹងទទួលបាន វ៉ាក់សាំងដូសដំបូងចំនួន ២០០,០០០ដូស ពីក្រុមហ៊ុនចិន Sinovac នៅខែកុម្ភៈខាងមុខនេះ៕