(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមបានបញ្ជាទិញ វ៉ាក់សាំងប្រឆាំង COVID-19 ចំនួន ៣០លានដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca ខណៈប្រទេសអាស៊ានមួយនេះ កំពុងស្វះស្វែងរកទិញវ៉ាក់សាំង ពីក្រុមហ៊ុនដទៃទៀត។ នេះបើតាមប្រភពពី មន្ត្រីសុខាភិបាលជាន់ខ្ពស់វៀតណាមម្នាក់ ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
លោក ត្រង ក្វុកកុង (Truong Quoc Cuong) ជាអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងធានាការចាក់វ៉ាក់សាំងជូនប្រជាជន ១៥លាននាក់ ឬស្មើនឹងវ៉ាក់សាំង ៣០លានដូស»។ លោក Cuong បានបន្ថែមទៀតថា វៀតណាមកំពុងចរចាទិញវ៉ាក់សាំង ពីអ្នកផ្គត់ផ្គង់វ៉ាក់សាំងផ្សេងទៀត ដូចជាចិន, រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយមិនតែប៉ុណ្ណោះ ទីក្រុងហាណូយក៏រំពឹងថា អាចនឹងទិញវ៉ាក់សាំង COVID-19 ពីកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ផងដែរ។
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០កន្លងទៅ វៀតណាមបានចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុកលើអ្នកស័្មគ្រចិត្តជាច្រើននាក់ ជាមួយក្តីរំពឹងថា អាចដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅក្នុងចំណោមប្រជាជនវៀតណាម នៅខែឧសភា ឆ្នាំ២០២១។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លង COVID-19 សរុប ១,៤៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយឡើងវិញ ១,៣៣៩នាក់៕