(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានសម្រេចពង្រីកការហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នា ដែលមានមនុស្សលើសពី ០៤នាក់នៅទូទាំងប្រទេសតែម្តង និងបានបង្កើនវិធានការរក្សាគម្លាតសុវត្ថិភាពសង្គមបន្ថែមទៅកាន់តំបន់ជុំវិញទីក្រុងសេអ៊ូលផងដែរ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនឡើងត្រឡប់ទៅដល់ជាង ១,០០០ករណី ក្នុងរយៈពេល០៤ថ្ងៃកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ដែលបានដាក់ទៅលើទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ រួមមានការដាក់បំរាមលើព្រះវិហារ ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងជិះស្គី និងកន្លែងជួបផ្សេងជាច្រើនទៀត ស្របបេលករណីឆ្លង COVID-19 ជាង ៦០ភាគរយ គឺបានរាយការណ៍ចេញពីទីក្រុងសេអ៊ូល (Seoul), ទីក្រុងអ៊ីនឈន់ (Incheon), និងខេត្តគ្យុងជី (Gyeonggi)។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-kyun) បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីត្រៀមចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នៅក្នុងប្រទេសនាពេលខាងមុខ។ កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតសកលនេះ នៅខែកុម្ភៈ ឆ្នាំ២០២១ ដល់បុគ្គលិកសុខាភិបាល និងក្រុមបុគ្គលដែលងាយរងគ្រោះមុនគេបង្អស់។
គួរបញ្ជាក់ថា បើទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) គិតពាក់កណ្ដាលអធ្រាតថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសអាស៉ីខាងកើតនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០២០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបកើនឡើងដល់ ៦៤,២៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៩៨១នាក់ និងជាសះស្បើយ ៤៥,២៤០នាក់៕