(រ៉ង់ហ្គូន)៖ ប្រធានាធិបតីមីយ៉ាន់ម៉ាលោក យូ វីន ម្យីនត៍ U Win Myint នៅថ្ងៃចន្ទនេះបានអំពាវនាវឱ្យមានការបង្កើត រដ្ឋធម្មនុញ្ញមួយ ដែលជាគ្រឹះនៃការបង្កើតសហភាពសហព័ន្ធប្រជាធិបតេយ្យនាពេលអនាគត ស្របតាមគោលការណ៍ និងបទដ្ឋានប្រជាធិបតេយ្យ ជាពិសេសទៅតាមស្ថានភាពជាក់ស្តែង និងប្រព័ន្ធដឹកនាំសហព័ន្ធ ដែលកំពុងរីកចម្រើន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនសុីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០។
នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យឯករាជ្យជាតិលោក U Win Myint បានកត់សម្គាល់ ពីភាពចាំបាច់ដែលជនជាតិទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវចេះជួយគ្នាទៅវិញទៅមក ក្នុងភាពស្និទ្ធស្នាល, មានចិត្តអាណិតអាសូរ, យោគយល់គ្នា, ពិភាក្សា និងចរចាគ្នា, គេចផុតពីភាពមិនច្បាស់លាស់, និងត្រូវជឿទុកចិត្តគ្នា ក៏ដូចជាបង្កើនសាមគ្គីភាពក្នុងការបង្កើត សហភាពសហព័ន្ធប្រជាធិបតេយ្យ។
លោកប្រធានាធិបតីមីយ៉ាន់ម៉ាជឿជាក់ថា សន្តិភាព, ភាពទាន់សម័យ, ការអភិវឌ្ឍន៍ និងភាពរុងរឿង នៃសហភាពសហព័ន្ធប្រជាធិបតេយ្យមីយ៉ាន់ម៉ា នឹងលេចចេញជារូបរាងនាពេលអនាគត ប្រសិនបើជនជាតិភាគតិចទាំងអស់ ធ្វើការក្នុងស្មារតីរួបរួមគ្នាយ៉ាងម៉ឺងម៉ាត់។ ប្រធានាធិបតីរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាលសហព័ន្ធ កំពុងខិតខំប្រឹងប្រែងបង្កើត សហភាពសហព័ន្ធប្រជាធិបតេយ្យមួយ ដែលជាសេចក្តីប្រាថ្នាសម្រាប់ជនជាតិភាគតិចទាំងអស់ ក្នុងគោលបំណងដើម្បីបញ្ចប់នូវ ជម្លោះប្រដាប់អាវុធផ្ទៃក្នុង និងឈានទៅសម្រេចបានសន្តិភាពយូរអង្វែង។
គួរបញ្ជាក់ ប្រទេសមីយ៉ាន់ម៉ាបានក្លាយជារដ្ឋអាណានិគមអង់គ្លេស នៅក្នុងសតវត្សរ៍ទី ១៩ និងបានទទួលឯករាជ្យមកវិញនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨។ បច្ចុប្បន្នមីយ៉ាន់ម៉ា ជាប្រទេសមានផ្ទៃដីធំជាងគេលំដាប់លេខ ២ ប្រចាំនៅតំបន់អាស៊ាន ជាមួយនិងប្រជាជនសរុប ៥៤.៤លានលាក់ (ទិន្នន័យកាលពីឆ្នាំ២០២០)៕