(ស៊ីដនី)៖ ភ្លើងឆេះព្រៃធំៗជាច្រើន បាននិងកំពុងគំរាមកំហែងដល់អាយុជីវិត និងផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងរដ្ឋអូស្រ្តាលីភាគខាងលិច (Western Australia) នៅថ្ងៃចន្ទនេះ ដោយមានការព្រមានចំពោះទីក្រុងភើត្ស (Perth) ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។
នាយកដ្ឋានពន្លត់អគ្គីភ័យ និងសេវាកម្មសង្គ្រោះបន្ទាន់ (DFES) បានចេញការព្រមានសម្រាប់តំបន់ ស្ពិចថេកខលស៍ (Spectacles), អូរេលៀ (Orelia), មេឌីណា (Medina) និងតំបន់ក្បែរខាងមួយចំនួនទៀត នៅក្នុងរដ្ឋអូស្ត្រាលីភាគខាងលិច។
កន្លែងផ្ទុកគំនរសំរាមមួយ បានរងផលប៉ះពាល់ដោយអគ្គីភ័យ និងបង្កើតចេញជាផ្សែងពុលដ៏មានគ្រោះថ្នាក់ ខណៈក្រុមមន្រ្តីអូស្រ្តាលីបារម្ភថា វាអាចបង្កការគំរាមកំហែង ដល់សុខភាពសាធារណៈ។ បន្ថែមពីនេះ ប្រជាជនដែលរស់នៅក្នុងទីក្រុង Perth របស់រដ្ឋខាងលើ ត្រូវបានណែនាំឲ្យសម្ងំនៅក្នុងផ្ទះ ខណៈអ្នកស្រុកដែលស្ថិតនៅតំបន់ជិតៗនោះ ត្រូវបានណែនាំឲ្យជម្លៀសចេញជាបន្ទាន់។
នាយកដ្ឋាន DFES បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការជម្លៀសខ្លួនចេញ គឺយឺតពេលហើយ... ការជម្លៀសខ្លួនចេញនាពេលនេះ អាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតបាន។ ប្រជាជននៅក្នុងតំបន់នោះ គួរតែស្ថិតនៅខាងក្នុងផ្ទះ ដែលចៀសវាងពីផ្សែងដ៏មានគ្រោះថ្នាក់នោះ ដោយការបិទទ្វារ និងបង្អួចជាដើម។ ម៉ាស៊ីនត្រជាក់ ក៏គួរតែត្រូវបានបិទផងដែរ»។
គួរបញ្ជាក់តាមការព្យាករណ៍ ដោយការិយាល័យឧតុនិយមអូស្ត្រាលី (BoM) បានបង្ហាញឲ្យដឹងថា ខ្យល់នឹងបក់ជាមធ្យមពី ៥០-៦០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅលើតំបន់ខាងលើនេះ ហើយអាចលោតដល់ល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ BoM បានគូសបញ្ជាក់ទៀតថា «ប្រព័ន្ធសម្ពាធខ្ពស់មួយនៅភាគខាងត្បូងនៃរដ្ឋនេះ នឹងបណ្តាលឲ្យមានខ្យល់បក់បោកយ៉ាងខ្លាំង ឆ្លងកាត់តំបន់ ដាលីង អេស្កាបមិនត៍ (Darling Escarpment) និងតំបន់វាលទំនាប»។ ប្រការនេះនឹងធ្វើឲ្យភ្លើងឆេះព្រៃ កាន់តែបង្កើនសន្ទុះ ហើយផ្សែងពុលនឹងរាតត្បាត ពាសពេញតំបន់ទាំងមូល៕