(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រធានាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) នៅទីបំផុតត្រូវបានបោះឆ្នោតជ្រើសតាំងម្តងទៀត ឲ្យឡើងធ្វើជាប្រធានសភាអាមេរិកក្នុងអាណត្តិថ្មី ស្របទៅតាមបំណងរបស់លោកស្រីផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០។
លោកស្រី Pelosi បានទទួលសំឡេងគាំទ្រ ២១៦សំឡេង ពីសមាជិកសភាក្នុងបក្សប្រជាធិបតេយ្យ ខណៈសមាជិកបក្សកាន់អំណាចនេះ ចំនួន ០២រូបទៀតបានបោះឆ្នោតគាំទ្រ បេក្ខជនមកពីសាធារណរដ្ឋ និង ០៣រូបទៀតបានធ្វើអនុប្បវាទ។ ដោយឡែកលោក ខេវីន ម៉ាខាធី (Kevin McCarthy) មកពីគណបក្សសាធារណរដ្ឋ បានទទួលសំឡេងគាំទ្រ ២០៩សំឡេងក្នុងនោះគឺសុទ្ធតែសំឡេងនៃសមាជិកសភាបក្សលោកទាំងអស់ លើកលែងតែ ០២សំឡេងប៉ុណ្ណោះបានមកពីបក្សប្រជាធិបតេយ្យខាងលើ ដែលបានធ្វើឲ្យរូបលោក ក្លាយជាប្រធានសភាសំឡេងភាគតិច។
គួរបញ្ជាក់ថា ក្រោយគណបក្សប្រជាធិបតេយ្យ បានទទួលជ័យជម្នះក្នុងការ បោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី Pelosi ធ្លាប់បានលើកឡើងថា លោកស្រីចង់កាន់តំណែងជាប្រធានសភាអាមេរិក មួយអាណត្តិទៀត ប្រសិនបើសមាជិកទាំងអស់គាំទ្រ។
លោកស្រី Nancy Pelosi ធ្លាប់បានក្លាយជាស្ត្រីដំបូង ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានឡើងមកកាន់តំណែងជា ប្រធានសភាតំណាងរាស្ត្រ (congress) កាលពីឆ្នាំ២០០៧ និងបានកាន់តំណែងនេះជាថ្មីម្តងទៀតកាលពីឆ្នាំ២០១៩ នៅពេលដែលគណបក្សលោកស្រី គ្រប់គ្រងសភា។ បច្ចុប្បន្នលោកស្រី Pelosi ដែលមានដើមកំណើត មកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះមានវ័យ ៨០ឆ្នាំទៅហើយ៕