(អាមេរិក)៖ វិទ្យុបារាំងផ្សាយជាខេមរភាសា បានផ្សាយនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក មានលុយខុសច្បាប់ចន្លោះពី ៨០០,០០០លានដុល្លារទៅ ២,០០០,០០០លានដុល្លារ ត្រូវបានបង្វែរឲ្យទៅជាលុយស្របច្បាប់។
វិទ្យុបារាំងបានផ្សាយដោយយោងតាមរបាយការណ៍អង្គការ Tax Justice Network ថា នៅដើមឆ្នាំ២០២០ អង្គការនេះបានចាត់ចំណាត់ថ្នាក់កោះកៃម៉ាន និងសហរដ្ឋអាមេរិក ជាជើងឯកអនុញ្ញាតឲ្យលាក់លុយដើម្បីគេចពន្ធ។
វិទ្យុបានដកស្រង់សម្តីលោក Gary Kalman នាយកអង្គការក្រៅរដ្ឋាភិបាល Transparency International មកបញ្ជាក់ថា ទោះបីជាមានភាពតានតឹងភូមិសាស្រ្តនយោបាយក៏ដោយ ក៏មានលំហូរលុយខុសច្បាប់ពីប្រទេសរុស្ស៉ី និងពីប្រទេសចិន ចូលសហរដ្ឋអាមេរិក។
លោក Kalman បានលើកឡើងថា សហរដ្ឋអាមេរិក ជាទីកន្លែងមួយងាយស្រួលក្នុងការលាងលុយខុសច្បាប់ តាមរយៈការទិញផ្ទះសម្បែង ទិញភាគហ៊ុនក្រុមហ៊ុន ឬទិញវត្ថុសិល្បៈជាដើម។
នាយកអង្គការក្រៅរដ្ឋាភិបាល Transparency International រូបនេះដដែលបានថ្លែងថា មកដល់ពេលនេះសហរដ្ឋអាមេរិក ជាប្រទេសតែមួយគត់ក្នុងលោក ដែលងាយស្រួលក្នុងការបង្កើតក្រុមហ៊ុនអានាមិក និងថា សហរដ្ឋអាមេរិកជាឋានសួគ៌សម្រាប់របបពុករលួយ និងឧក្រិដ្ឋជនដែលចង់លាក់លុយរបស់ពួកគេ។
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ សភាអាមេរិកបានអនុម័តច្បាប់ប្រឆាំងនឹងការគេចពន្ធ និងការលាងលុយកខ្វក់ឈ្មោះ «Corporate Transparency Act»។ តាមរយៈច្បាប់ « Corporate Transparency Act » ម្ចាស់ក្រុមហ៊ុនអានាមិកទាំងអស់ត្រូវតែបង្ហាញអត្តសញ្ញាណរបស់ខ្លួន ពោលមិនអាចបន្តលាក់អត្តសញ្ញាណបានទៀតឡើយ។ គួររម្លឹកថា ក្រុមហ៊ុនអានាមិកត្រូវបានគេប្រើដើម្បីលាងលុយកខ្វក់ និងលាក់លុយដើម្បីគេចពន្ធ។
ច្បាប់ «Corporate Transparency Act» ជាផ្នែកមួយនៃច្បាប់ថវិកាការពារជាតិដែលសភា និងព្រឹទ្ធិសភាអាមេរិកទើបបានអនុម័ត។ ចាប់ពីពេលនេះតទៅច្បាប់ «Corporate Transparency Act » បានបង្ខំឲ្យម្ចាស់ក្រុមហ៊ុនអានាមិកទាំងអស់ផ្តល់ទិន្នន័យ និងអត្តសញ្ញាណរបស់ខ្លួនទៅឲ្យបណ្តាញបង្រ្កាបឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលជាទីភ្នាក់ងារមួយរបស់ក្រសួងសេដ្ឋកិច្ច។ ទិន្នន័យនិងអត្តសញ្ញាណរបស់ក្រុមហ៊ុនអានាមិកទាំងនេះនឹងមិនត្រូវបានទម្លាយជាសាធារណៈទេ។ មានតែក្រសួងសេដ្ឋកិច្ច និងកម្លាំងសមត្ថកិច្ចដែលអាចចូលមើលទិន្នន័យ និងអត្តសញ្ញាណទាំងនោះបាន៕