(គែរ)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេហ្ស៊ីប នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ខ្លួនបានអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនផលិតឱសចិន Sinopharm ដោយបានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងចាប់ផ្តើមនៅចុងខែមករានេះតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

នៅលើកញ្ចក់ទូរទស្សន៍ជាតិ លោក Hala Zayed ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលអេហ្ស៊ីប បានលើកឡើងយ៉ាងដូច្នេះថា «អាជ្ញាធរឱសថអេហ្ស៊ីបបានអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ»

អេហ្ស៊ីប បានទទួលវ៉ាក់សាំងពីក្រុមហ៊ុន Sinopharm លើកដំបូងចំនួន ៥០,០០០ដូស កាលពីខែធ្នូកន្លងទៅ ជាមួយការរំពឹងថា នឹងទទួលបានបន្ថែមទៀតនៅខែនេះ ខណៈដែលប្រទេសអារ៉ាប់មួយនេះ គ្រោងនឹងបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុននេះ ចំនួនរហូតដល់ ៤០លានដូស។

គួរបញ្ជាក់ថា អេហ្ស៊ីបដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពអារ៉ាប់ ដែលមានចំនួនប្រជាជនប្រមាណជាង ១០០លាននាក់ មកទល់ពេលនេះបានកត់ត្រាករណីឆ្លង COVID-19 ចំនួនជាង ១៤ម៉ឺនករណី ក្នុងនោះស្លាប់ជាង ៧,៨០០ នាក់៕