(តូក្យូ)៖ អាជ្ញាធរក្រុងតូក្យូនៃប្រទេសជប៉ុន បានរាយការណ៍ពីការរកឃើញករណីថ្មីៗ នៃជំងឺ COVID-19 ចំនួន ៨១៦ករណីទៀត នៅថ្ងៃអាទិត្យនេះ គឺមួយថ្ងៃបន្ទាប់ពីអភិបាលក្រុងនេះ និងតំបន់ជិតខាង បានអំពាវនាវឲ្យរដ្ឋាភិបាលជប៉ុនប្រកាសស្ថានភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណីថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានជំទាស់នឹងការអំពាវនាវឲ្យប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នថ្នាក់ជាតិទីពីរ ខណៈដែលរដ្ឋាភិបាលរបស់ខ្លួន បានដាក់ចេញនូវវិធានការណ៍នេះជាលើកដំបូង ក្នុងខែមេសាកន្លងទៅ អំឡុងពេលមានរលករាតត្បាតខ្លាំងបំផុត។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ម្សិលមិញថា រដ្ឋាភិបាលចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញសុខភាពជាមុនសិន មុនពេលធ្វើការសម្រេចចិត្តដ៏សំខាន់នេះ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះបាននិយាយថា ជាវិធានការបណ្តោះអាសន្ននាពេលបច្ចុប្បន្ន ភោជនីយដ្ឋាន និងហាងខារ៉ាអូខេនៅក្នុងទីក្រុងតូក្យូ ត្រូវបានស្នើសុំឲ្យបិទទ្វារ នៅត្រឹមម៉ោង៨ យប់ ខណៈដែលអាជីវកម្មលក់គ្រឿងស្រវឹង តម្រូវឲ្យបិទទ្វារនៅម៉ោង៧ យប់។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុនបានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ មានករណីឆ្លង COVID-19 ថ្មីៗនៅទូទាំងប្រទេសចំនួន ៣,០៤៥ករណី។ ជាសរុប ចាប់តាំងពីមានការផ្ទុះរាតត្បាតជំងឺដ៏កាចសាហាវនេះមក ជប៉ុន បានកត់ត្រាករណីឆ្លងច្រើនជាង ២៤០,០០០ករណី ក្នុងនោះស្លាប់ ៣,៥៤៨ នាក់៕