(បាងកក)៖ អ្នកជំងឺ COVID-19 ម្នាក់បានបាត់បង់ជីវិត ខណៈអាជ្ញាធរបានរកឃើញករណីឆ្លងថ្មីៗចំនួន ២១៦នាក់ទៀត នៅក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ នៅទូទាំងប្រទេសថៃ ក្នុងនោះភាគច្រើនបំផុតគឺជាករណីឆ្លងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ២១៦នាក់ខាងលើនេះ ២១៤ករណីគឺជាករណីឆ្លងក្នុងសហគមន៍ និង ០២នាក់ទៀតជាប្រភេទករណីនាំចូល។ ដោយឡែកករណីបាត់បង់ជីវិតម្នាក់នោះ គឺជាស្ត្រីជនជាតិថៃរស់នៅខេត្តឈុនបុរី (Chon Buri) ដែលជាអ្នកមានជំងឺទឹកនោមផ្អែមស្រាប់។ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៧,៣៧៩ករណី ក្នុងនោះស្លាប់ ៦៤នាក់ និងជាសះស្បើយវិញ ៤,២៩៩នាក់។
គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លងក្នុងស្រុងទាំង ២១៤ករណីថ្មីៗខាងលើនេះ ១៥៤ករណីកំពុងស្ថិតក្នុងការស៊ើបអង្កេតរកប្រភពដើម និងអ្នកពាក់ព័ន្ធ, ២៣ករណីជាអ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់តំបន់ផ្ទុះ COVID-19 ក៏ដូចជាធ្លាប់ធ្វើទំនាក់ទំនង ជាមួយអ្នកជំងឺមុនៗ, ០៣ករណីជាប់ពាក់ព័ន្ធទីផ្សារលក់គ្រឿងសមុទ្រ នៅខេត្តសាមុតសាខន, ០១ករណីនៅខេត្តឈុនបុរី, ០១ករណីនៅរ៉ាក់យ៉ង និង ៣២ករណីជាករណីឆ្លង ក្នុងចំណោមពលករបរទេស៕