(អន្តរជាតិ)៖ កាលពីឆ្នាំ២០២០ កន្លងទៅនេះត្រូវបានមជ្ឈដ្ឋានខ្លះចាត់ទុកថា គឺជាឆ្នាំដ៏អាក្រក់បំផុត ដោយមានរឿងភ្ញាក់ផ្អើលជាច្រើន បានផ្ទុះឡើងជាបន្តបន្ទាប់។ ការផ្ទុះឡើងនូវ COVID-19, បរាជ័យរបស់លោក ដូណាល់ ត្រាំ ក្រោមថ្វីដៃលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក រួមទាំងបាតុកម្មតវ៉ាប្រឆាំងការរើសអើងពូជសាសន៍ជាដើម សុទ្ធតែជាព្រឹត្តិការណ៍ ដែលបានធ្វើឱ្យពិភពលោកទាំងមូលរំជើបរំជួល។
ខាងក្រោមនេះគឺជារៀបរាប់ត្រួសៗពីព្រឹត្តិការណ៍សំខាន់ៗ ក្នុងឆ្នាំ២០២០៖
* ជំងឺរាតត្បាតសកល COVID-19
នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ពោលគឺជាង ២សប្ដាហ៍បន្ទាប់ពីការព្រមានពីការឆ្លងជាចង្កោម វីរុសផ្លូវដង្ហើមធ្ងន់ធ្ងរដ៏អាថ៌កំបាំងមួយ រដ្ឋាភិបាលចិនបានប្រកាសពីអ្នកស្លាប់ ដំបូងបំផុតដោយសារវីរុសដ៏កាចសាហាវនេះ ដែលក្រោយមកត្រូវបានដាក់ឈ្មោះឱ្យថា COVID-19។ នៅខែមីនា ឆ្នាំដដែល COVID-19 ត្រូវបានគេចាត់ទុកថា ជាជំងឺរាតត្បាតសកល ហើយមួយខែក្រោយការប្រកាសនេះ បណ្ដាប្រទេសជាច្រើននៅទូទាំងពិភពលោក បាននាំគ្នាអនុវត្តវិធានការបិទប្រទេសរៀងៗខ្លួន ដែលធ្វើឱ្យសេដ្ចកិច្ចពិភពលោកធ្លាក់ចុះអស់ ៤.៤ភាគរយ។ រហូតដល់ខែវិច្ឆិកា ក្រុមហ៊ុនឱសថជាច្រើនបានចេញផ្សាយលទ្ធផលវិជ្ជមាន នៃការធ្វើតេស្ដវ៉ាក់សាំងរបស់ពួកគេ ខណៈរលកទី ២ និងរលកទី ៣ នៃជំងឺ COVID-19 បានផ្ទុះឡើង។
* បញ្ហាពាក់ព័ន្ធប្រទេសអ៉ីរ៉ង់
ពិភពលោកទាំងមូលបានធ្លាក់ចូលក្នុងភាពភ័យខ្លាច នៃការសង្រ្គាមផ្ទុះឡើងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ក្រោយមេទ័ពកំពូលអ៉ីរ៉ង់លោក កាសេម សូឡៃមេនី (Qasem Soleimani) ត្រូវបានយន្ដហោះដ្រូនអាមេរិក ផ្ដាច់ជីវិតនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ មួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នេះ បាតុករគាំទ្រអ៉ីរ៉ង់បាននាំគ្នា សម្រុកចូលដុតបំផ្លាញផ្នែកខ្លះរបស់ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ។ អ៉ីរ៉ង់បានបាញ់មីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹក ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរ គ្រាប់មីស៊ីលអ៉ីរ៉ង់ត្រូវបានគេអះអាងថា បានបាញ់ចំយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿង ដែលទើបតែហោះចេញពីទីក្រុងតេហេរ៉ង់
ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់ ១៧៦នាក់។
ភាពតានតឹងបានផ្ទុះឡើងជាថ្មី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ដោយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលម្នាក់របស់អ៉ីរ៉ង់ គឺលោក ម៉ូហ៍សិន ហ្វាគ្រីហ្សាដេហ៍ (Mohsen Fakhrizadeh) ត្រូវបានគេធ្វើឃាត ហើយអ៉ីរ៉ង់បានចោទថា អ៉ីស្រាអែល គឺជាអ្នកប្រព្រឹត្តទង្វើបែបនេះ។
* ចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (BREXIT)
ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូង ដែលបានចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែមករា ក្រោយការបោះឆ្នោតប្រជាមតិកាលពីឆ្នាំ២០១៦។ ក្រោយមកទៀត ចក្រភពអង់គ្លេស បានឈានដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅក្រោយ Brexit ជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ និងត្រូវបានរដ្ឋាភិបាលលោនាយករដ្ឋមន្ត្រី បូរីស ចនសុន ពណ៌នាថា ជាជោគជ័យដ៏ធំជាប្រវត្តិសាស្ត្រ។
* កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងក្រុមតាលីបង់
សហរដ្ឋអាមេរិក និងក្រុមតាលីបង់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ហើយកិច្ចព្រមព្រៀងនេះបានតម្រូវឱ្យកងទ័ពបរទេស ទាំងអស់ដកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅត្រឹមខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីសង្រ្គាមបានអូសបន្លាយជាង ២ទសវត្សរ៍មកនេះ។ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក គ្រោងនឹងដកទ័ព ២,០០០នាក់ ក្នុងចំណោមកងទ័ពអាមេរិក ៤,៥០០នាក់ចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។
* ការសម្លាប់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) នៅសហរដ្ឋអាមេរិក
បុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd អាយុ ៤៦ឆ្នាំ ត្រូវបានប៉ូលិសស្បែកសម្នាក់ យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ក្នុងទីក្រុងមីននាផូលីស (Minneapolis) នៃរដ្ឋ មីននីសូតា (Minnesota) សហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះបានបង្កឱ្យមានបាតុកម្មតវ៉ាប្រឆាំង នឹងការរើសអើងពូជសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក ហើយបាតុកម្មតវ៉ានេះក៏បានរាលដាល ទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ជាពិសេសនៅអឺរ៉ុប និងអូស្ត្រាលីផងដែរ។
* ច្បាប់សន្តិសុខជាតិថ្មីរបស់ទីក្រុងហុងកុង
នៅខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខជាតិថ្មីមួយ លើទីក្រុងហុងកុង ឆ្លើយតបទៅនឹងបាតុកម្មតវ៉ារបស់ក្រុមអ្នកគំាទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។ ក្រោយច្បាប់នេះចូលធរមាន សមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ ត្រូវបានបណ្ដេញចេញ, ចាប់ខ្លួន និងខ្លះទៀតលាលែងពីតំណែង។ នៅខែធ្នូកន្លងទៅនេះ សកម្មជនហុងកុងដ៏មានឥទ្ធិពល ០៣នាក់ ក្នុងនោះរួមមានលោក ចូហ្វ័រ វ៉ុង (Joshua Wong) ត្រូវបានចាប់ខ្លួន។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំង លើច្បាប់ថ្មីនេះដោយចោទថា វាបំផ្លាញប្រជាធិបតេយ្យ ប៉ុន្តែចិនថាច្បាប់នេះ នឹងជួយពង្រឹងក៏ដូចជាសា្ដរសន្តិសុខទីក្រុងហុងកុងឡើងវិញ។
* បាតុកម្មតវ៉ារបស់យុវជនថៃនៅក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួន
ក្រុមយុវជនថៃក្នុងនោះរួមមានទាំងសិស្សវិទ្យាល័យ និងនិស្សិតបានចាប់ផ្តើមនាំគ្នាធ្វើបាតុកម្មតវ៉ា កាលពីខែកក្កដា ឆ្នាំ២០២០ ដើម្បីស្នើឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ, ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើកំណែទម្រង់របបរាជនិយមថៃ ដោយពួកគេយល់ថាផ្តល់សិទ្ធិអំណាច ខ្លាំងហួសហេតុពេកដល់អង្គព្រះមហាក្សត្រ ដែលធ្វើឱ្យប៉ះពាល់ដល់លិទ្ធប្រជាធិបតេយ្យ។ ក្រុមបាតុករថៃបានប្រកាសផ្អាកការធ្វើបាតុកម្ម នៅពេលករណីឆ្លង COVID-19 ផ្ទុះឡើងខ្លាំងក្នុងប្រទេសថៃ ប៉ុន្តែពួកគេសន្យាថានឹងដឹកនាំការធ្វើបាតុកម្មជាថ្មី នៅឆ្នាំ២០២១។
* ការផ្ទុះដ៏កក្រើកនៅកំពង់ផែទីក្រុងបេរូ នៃប្រទេសលីបង់
ការផ្ទុះដ៏សម្បើមបានបំផ្លាញកំពង់ផែក្នុងទីក្រុងបេរូ នៃប្រទេសលីបង់ ស្ទើរតែទាំងស្រុងកាលពីថ្ងៃទី០៤ ខែសីហា និងបានផ្ដាច់ជីវិតមនុស្សច្រើនជាង ២០០នាក់ ខណៈមនុស្សជាង ៦,៥០០នាក់ផ្សេងទៀតរងរបួស។ ការផ្ទុះនេះកើតឡើងដោយសារតែការស្ដុកទុកមិនបានល្អ នូវសារធាតុអាម៉ូញ៉ូមនីត្រា (ammonium nitrate)។ រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២០ ការវែកមុខរកអ្នកទទួលខុសត្រូវ ក្នុងការផ្ទុះនៅទីក្រុងខាងលើនេះ គឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
* ភ្លើងឆេះព្រៃ និងព្យុះហឺរិខិនសាហាវបំផុត
ភ្លើងឆេះព្រៃដ៏សាហាវ បានឆាបឆេះនៅទាំងប្រទេសអូស្ត្រាលី និងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក នៅខែកញ្ញា ឆ្នាំ២០២០ និងបានផ្តាច់ជីវិតមនុស្សរាប់សិបនាក់ផងដែរ។ នៅខែវិច្ឆិកា ឆ្នាំ២០២០ ព្យុះហឺរិខិនដ៏កំណាចចំនួន ០២ បានវាយប្រហារលើតំបន់អាមេរិកកណ្ដាល ដោយសម្លាប់ជីវិតមនុស្សច្រើនជាង ២០០នាក់។
* ការលួចបំពុលសម្លាប់មេបក្សប្រឆាំងរុស្ស៊ី លោក អេឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny)
លោក Alexei Navalny កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ត្រូវបានគេព្យាយាមលួចបំពុលសម្លាប់ នៅក្នុងតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។ លោក Navalny ត្រូវបានគេបញ្ជូនបន្តទៅព្យាបាល ក្នុងមន្ទីរពេទ្យមួយ នៅអាល្លឺម៉ង់ ជាទីដែលលោកបានជាសះស្បើយឡើងវិញ។ ក្រុមអ្នកជំនាញអាល្លឺម៉ង់ បារាំង និងអង់គ្លេសជាដើម សុទ្ធតែបានអះអាងថា លោក Navalny ត្រូវបានគេបំពុលដោយប្រើសារធាតុគីមី នូវីឆុក (Novichok) ផលិតឡើងដោយអតីតសហភាពសូវៀត និងរុស្ស៊ីបច្ចុប្បន្ន។ លោក Navalny បានចោទថា លោកប្រធានាធិបតីរុស្ស៊ី គឺជាអ្នកឱ្យគេតាមសម្លាប់រូបលោក ប៉ុន្តែលោក ពូទីន និងអាជ្ញាធររុស្ស៊ី បានច្រោនចោលការចោទប្រកាន់បែបនេះ។
* មិត្តថ្មីរបស់អ៉ីស្រាអែល
ក្រោមការជួយជ្រោមជ្រែងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អ៉ីស្រាអែលបានរកឃើញមិត្តថ្មីជាបន្តបន្ទាប់ តាមរយៈការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខណៈប្រជាជនប៉ាឡេស្ទីន ចាត់ទុកថាគឺជាទង្វើលួចចាក់ពួកគេពីក្រោយខ្នង។ ក្រោយមកទៀត ប្រទេសស៊ូដង់, ម៉ារ៉ុក ក៏បានប្រកាសភ្ជាប់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលផងដែរ។
* ភាពតានតឹងរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក
ក្នុងឆ្នាំ២០២០ ទំនាក់ទំនងរវាងមហាយក្សចិន និងសហរដ្ឋអាមេរិកបានធ្លាក់ដុនដាបយ៉ាងខ្លាំង ជាពិសេសក្រោយលោក ដូណាល់ ត្រាំ ហៅ COVID-19 ថា «វីរុសចិន» និងទាមទារឲ្យទីក្រុងប៉េកាំង ទទួលខុសត្រូវចំពោះការឆ្លងរាតត្បាត COVID-19។ ក្រៅពី COVID-19 ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ក៏ដំឡើងសសៃកដាក់គ្នាយ៉ាងខ្លាំងក្លាផងដែរ ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង, កោះតៃវ៉ាន់ , ជនជាតិដើមភាគមូស្លីមអ៊ុយហ្គ័រ ក្នុងតំបន់ស៊ីនជាំង និងច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុងជាដើម។
* លោក ចូ បៃដិន ផ្ដួលលោក ដូណាល់ ត្រាំ បានសម្រេច
លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ក្រោយផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅ។ អង្គបោះឆ្នោតភាគច្រើនលើសលប់ ក៏បានទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន ផងដែរ ប៉ុន្តែលោក ដូណាល់ ត្រាំ វិញមិនបានទទួលស្គាល់បរាជ័យរបស់ខ្លួនឡើយ មកទល់នឹងបច្ចុប្បន្ន។ លោក បៃដិន ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានាធីបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
* ជម្លោះព្រំដែនរវាងប្រទេសអាមេនី និងអាហ្សែបៃហ្សង់
ការប្រយុទ្ធបង្ហូរឈាមគ្នារវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ បានផ្ទុះឡើងក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។ មនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំងជនស៊ីវិល និងទាហានត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងជម្លោះនេះ។ អាហ្សែបៃហ្សង់ និងអាមេនីបានទទួលយកបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រទេសរុស្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែការផ្ទុះអាវុធជារឿយៗតែងតែកើតមានឡើង ហើយភាគីទាំងពីរក៏នៅតែចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញអ្នកដែលបានបង្កហេតុមុនផងដែរ៕
ប្រភព៖ (ថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១)