(ឡុងដ៍)៖ សារព័ត៌មានអង់គ្លេស The Times បានរាយការណ៍ឲ្យដឹងថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងរួមគ្នាដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ប្រហែល ២លានដូស ត្រូវបានគេកំណត់ឲ្យផ្គត់ផ្គង់ជារៀងរាល់សប្តាហ៍ ចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២១នេះ នៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។
សារព័ត៌មានអង់គ្លេស The Times បានដកស្រង់សម្ដីសមាជិកម្នាក់ ដែលមិនបញ្ចេញអត្តសញ្ញាណនៃក្រុមហ៊ុន Oxford-AstraZeneca ថា «ក្រុមហ៊ុន AstraZeneca រំពឹងថា នឹងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ចំនួន ២លានដូសសរុបនៅសប្តាហ៍ក្រោយ»។ របាយការណ៍នេះបានគូសបញ្ជាក់បន្ថែមថា «ផែនការខាងលើនេះ គឺដើម្បីអភិវឌ្ឍវាឡើងឲ្យបានឆាប់រហ័សត្រឹមសប្តាហ៍ទី ៣ នៃខែមករា ឆ្នាំ២០២១នេះ ដែលយើងគួរតែទទួលបាននូវវ៉ាក់សាំង COVID-19 រហូតដល់ ២លានដូសក្នុងមួយសប្តាហ៍»។
របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីចក្រភពអង់គ្លេសកាលពីថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Oxford-AstraZeneca នៅក្នុងករណីបន្ទាន់ ដោយសង្ឃឹមថា សកម្មភាពដ៏ឆាប់រហ័សនេះនឹងជួយទប់ស្កាត់ការកើនឡើង នៃករណីឆ្លងរីករាលដាល នៃវីរុសដ៏កាចសាហាវនេះបាន។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន AstraZeneca ចំនួន ១០០លានដូសសម្រាប់ប្រទេសរបស់ខ្លួនរួចទៅហើយ។ ក្រុមហ៊ុននេះក៏បានអះអាងដែរថា ខ្លួនមានគោលបំណងផ្គត់ផ្គង់វ៉ាក់សាំង រាប់លានដូសនៅក្នុងត្រីមាសទី ១ ដោយយុទ្ធនាការចាក់វ៉ាក់សាំងដំបូង គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២១នេះផងដែរ។
យោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៥៤២,០៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៧៤,១២៥នាក់ និងជាសះស្បើយមិនទាន់មានទិន្នន័យ បញ្ជាក់ឲ្យច្បាស់លាស់ឡើយ៕