(ហ្សាកាតា)៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសុខាភិបាលឥណ្ឌូនេស៊ី បានប្រកាសឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac ជាលើកទី២ហើយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រទេសដែលមានប្រជាជនច្រើនជាងគេទី៤ នៅលើពិភពលោកមួយនេះ កំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រង់ទ្រាយធំជូនប្រជាជនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំងចិន ចំនួន ១.៨លានដូសបន្ថែម បន្ទាប់ពីបានទទួលវ៉ាក់សាំងនេះចំនួន ១.២លានដូស កាលពីថ្ងៃទី០៦ ខែធ្នូកន្លងទៅ ក្នុងគោលបំណងចាក់ជូនប្រជាជនរបស់ខ្លួន ចំនួន ២៦៧លាននាក់ដោយឥតគិតថ្លៃ ដោយចាប់ផ្តើមពីបុគ្គលិកសុខាភិបាលជួរមុខមុនគេ។
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូនេស៊ី លោក ប៊ូទី ហ្គាណាទី សាទីឃីន (Budi Gunadi Sadikin) បានប្រកាសនៅក្នុងការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍យ៉ាងដូច្នេះថា «មុនពេលប្រជាជនវិលត្រឡប់ទៅធ្វើការដូចដើមវិញ នៅខែមករា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំង COVID-19 អាចត្រូវបានចែកចាយទៅកាន់ខេត្តចំនួន៣៤។ ដូច្នេះយើងអាចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់បុគ្គលិកសុខាភិបាលបាន ដែលវានឹងចំណាយពេលច្រើនជាង ១២ខែ ដើម្បីបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ»។
ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌូនេស៊ីន ក៏រំពឹងថានឹងទទួលបានវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca និងក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer នៅមុនដំណាច់ឆ្នាំ២០២០នេះ ឬនៅសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២១ខាងមុខនេះផងដែរ ខណៈដែលខ្លួនបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនទាំងពីរនេះ ចំនួន ១០០លានដូស។
ជាសរុប ប្រទេសឥណ្ឌូនេស៊ី បានធ្វើការកក់វ៉ាក់សាំងចំនួន ៣២៩លានដូសហើយ ក្នុងនោះមានប្រមាណ ១២៥លានដូសពីក្រុមហ៊ុន Sinovac, ៥០លានដូសពីក្រុមហ៊ុន Novavax, និង ៥៤លានដូសពីកម្មវិធីវ៉ាក់សាំងសកល COVAX។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៧៤៣,១៩៨ករណី ក្នុងនោះមានអ្នកស្លាប់ ២២,១៣៨នាក់ និងជាសះស្បើយ ៦១១,០៩៧នាក់៕