(សេអ៊ូល)៖ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន (Ban Ki-moon) នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង កែតម្រូវនូវច្បាប់ហាមឃាត់ការបង្ហោះខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ព្រោះច្បាប់នេះអាចធ្វើឲ្យកូរ៉េខាងត្បូង ក្លាយជាគោលដៅរិះគន់សិទ្ធិមនុស្សពីសហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាឆ្នាំថ្មី ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រមូលនិធិផ្ទាល់របស់លោក បាន ខណៈក្រុមអ្នកនយោបាយសហរដ្ឋអាមេរិក និងអ្នករិះគន់ដទៃទៀតបានសម្តែងការព្រួយបារម្ភចំពោះច្បាប់នេះ ដោយពួកគេបានអះអាងថា វាអាចប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងការខិតខំប្រឹងប្រែងដើម្បីផ្តល់ព័ត៌មានចូលទៅក្នុងរដ្ឋឯកោជិតខាងមួយនេះ។
នៅជុំវិញបញ្ហានេះ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច និងជាអ្នកគាំទ្រច្បាប់នេះបានអះអាងថា ការហាមឃាត់គឺចាំបាច់ក្នុងគោលបំណងដើម្បីការពារប្រជាជនដែលរស់នៅតាមតំបន់ព្រំដែន ជាទីដែលខិត្តប័ណ្ណទាំងនោះត្រូវបានគេបង្ហោះ ចែកចាយ ហើយបានចាត់ទុកការរិះគន់ពីខាងក្រៅ ថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
លោក បាន គីមូន បានកត់សម្គាល់ថា បញ្ហាសិទ្ធិមនុស្សមិនមែនជាកិច្ចការផ្ទៃក្នុងនោះឡើយ ប៉ុន្តែវាជាតម្លៃសកលរបស់មនុស្សជាតិ។ ច្បាប់នេះបានជំរុញឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ ថាជាសកម្មភាពប្រឆាំងសិទ្ធិមនុស្ស ដែលលង់តាមការទាមទាររបស់កូរ៉េខាងជើង។
នៅចំពោះមុខការមកដល់នៃរដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន អតីតអគ្គលេខាធិការ UN រូបនេះបានសង្កត់ធ្ងន់ ពីភាពចាំបាច់ដែលទីក្រុងសេអ៊ូលត្រូវតែចាប់រកឱកាសនេះ ដើម្បីពង្រឹងសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ឲ្យកាន់មានភាពរឹងមាំដើម្បីវឌ្ឍនភាពនៃសន្តិភាពនៅលើឧបទ្វីបកូរ៉េ៕