(សៀងហៃ)៖ អាជ្ញាធរចិនបានប្រកាសថា ខ្លួនបានរកឃើញជាលើកដំបូងនូវ វីរុស COVID-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញមុនគេបង្អស់ នៅចក្រភពអង់គ្លេស និងត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសអះអាងថា មានសមត្ថភាពចម្លង លើសវីរុសទម្រង់ដើមរហូតដល់ទៅ ៧០% នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
បើតាមអាជ្ញាធរចិន ការរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មីលើនេះ គឺទៅលើស្ត្រីវ័យ ២៣ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងសៀងហៃ ដោយរូបនាងបានធ្វើដំណើរ ត្រឡប់មកពីចក្រភពអង់គ្លេសវិញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ អាជ្ញាធរចិនបានអះអាងទៀតថា ស្ត្រីរូបនេះបានកើតមានអការៈជំងឺ COVID-19 កម្រិតស្រាលប៉ុណ្ណោះ ប៉ុន្តែកាលពីថ្ងៃទី២៤ ខែធ្នូ រូបនាងបានទទួលធ្វើតេស្តម្តងទៀត ដោយរកឃើញវីរុសទម្រង់ថ្មីនោះតែម្តង។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះមានប្រទេសជាង ៥០ ហើយដែលបាន ផ្អាកការធ្វើដំណើរជាមួយចក្រភពអង់គ្លេស ដោយសារតែវីរុស COVID-19 ទម្រង់ថ្មីនេះ ហើយចិនក៏មិនមែនជាប្រទេសទី ១ នៅអាស៊ីនោះដែរ ដែលបានរកឃើញករណីនេះ ដោយឥណ្ឌា សិង្ហបុរី និងកូរ៉េខាងត្បូងជាដើម សុទ្ធតែបានរកឃើញវីរុស COVID-19 ទម្រង់ថ្មីនេះរួចទៅហើយ៕