(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សេគ្យុន (Chung Sye-kyun) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសអាស៊ីបូព៌ាមួយនេះ នឹងមានសមត្ថភាពអភិវឌ្ឍវ៉ាក់សាំង COVID-19 ដោយខ្លួនឯងនៅចុងឆ្នាំ២០២១ បន្ថែមលើវ៉ាក់សាំង ដែលខ្លួនបញ្ជាទិញពីបរទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងសេអ៊ូល លោក Chung បានគូសបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងណែនាំ អំពីវ៉ាក់សាំង COVID-19 ដែលយើងកំពុងអភិវឌ្ឍដោយឯករាជ្យ ជូនដល់ប្រជាជននៅចុងឆ្នាំក្រោយ ខណៈវ៉ាក់សាំងពីបរទេស គ្រោងដឹកជញ្ជូនមកកាន់កូរ៉េខាងត្បូង នៅដើមខែកុម្ភៈ។
លោក Chung បានបន្ថែមទៀតថា ការពិនិត្យឡើងវិញលើការព្យាបាល ដែលបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកនោះ គឺសំដៅទៅលើការព្យាបាល តាមវិធីអង្គបដិប្រាណរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា សែលត្រាយអិន (Celltrion) បន្ទាប់ពីបានដាក់ស្នើសុំការអនុម័តពី ក្រសួងចំណីអាហារ និងសុវត្ថិភាពឱសថ កាលពីប៉ុន្មានថ្ងៃមុននេះ។
នាយករដ្ឋមន្ត្រីរូបនេះ បានសម្តែងសុទិដ្ឋិនិយមថា កូរ៉េខាងត្បូងនឹងយកឈ្នះសង្គ្រាមប្រឆាំងជំងឺ COVID-19 លឿនជាងប្រទេសដទៃទៀត ប្រសិនបើការព្យាបាលថ្មីនេះ ទទួលបានការអនុម័តរួមជាមួយវ៉ាក់សាំង ដោយផ្អែកលើមូលដ្ឋាននៃប្រព័ន្ធការពារ និងការទប់ស្កាត់។
គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺ COVID-19 ប្រទេសអាស៊ីខាងកើតមួយនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំង ចំពោះវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់ខ្លួន។ ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងប្រឈមនឹងរលកឆ្លងថ្មីម្តងទៀត ដោយលោក Chung បានពិពណ៌នាថា គឺជាពេលវេលាដ៏លំបាកបំផុត ក្នុងដំណាក់កាលចុងក្រោយ នៃវិបត្តិជំងឺរាតត្បាត COVID-19៕