(អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជាទិញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូផាម (Sinopharm) ចំនួន ១.២លានដូស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ាគីស្ថាន បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter លោកយ៉ាងដូច្នេះថា «គណៈរដ្ឋមន្រ្តីបានសម្រេចចិត្ត បញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន ១,២លានដូសពីក្រុមហ៊ុនផលិតឱសថចិន Sinopharm ហើយដែលវ៉ាក់សាំងនេះ នឹងត្រូវផ្តល់ការចាក់ជូនដោយឥតគិតថ្លៃ ដល់បុគ្គលិកជួរមុខនៅត្រីមាសទី ១ នៃឆ្នាំ២០២១ ខាងមុខនេះ»។
គួរបញ្ជាក់ថា ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថដ៏ធំគឺ Sinopharm នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាជាការអនុញ្ញាតឲ្យប្រើប្រាស់ ជាសាធារណៈលើកដំបូងបង្អស់។ លទ្ធផលមិនទាន់ពេញលេញបានបង្ហាញថា វ៉ាក់សាំងរបស់ Sinopharm មានប្រសិទ្ធភាពទប់ទល់វីរុសកូរ៉ូណា រហូតដល់ទៅជិត ៨០%៕