(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលរបស់លោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជាង ១,៩លានដូស ខណៈប្រទេសអឺរ៉ុបខាងកើតមួយនេះ កំពុងសម្រួល ដើម្បីទទួលបាននូវវ៉ាក់សាំងបន្ថែម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោក Volodymyr Zelensky បានលើកឡើងថា «យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាលើកដំបូង សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងនេះ... ដែលវាមិនមែនជាអនុស្សរណៈទេ ប៉ុន្តែជាកិច្ចព្រមព្រៀង ទិញវ៉ាក់សាំងក្នុងចំនួនជាង ១.៩លានដូស»។
ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ទៀតថា ប្រទេសអ៊ុយក្រែន មានកិច្ចព្រមព្រៀងរួចហើយ ដើម្បីទទួលបានវ៉ាក់សាំងចំនួន ០៨លានដូសនៅក្រោមកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) ដែលប្រទេសនេះនឹងទទួលបានដោយឥតគិតថ្លៃ ប៉ុន្តែអាជ្ញាធរកំពុងព្យាយាម បង្កើនចំនួននៃវ៉ាក់សាំងបន្ថែម។ ដូច្នេះរដ្ឋាភិបាលអ៊ុយក្រែន កំពុងធ្វើការទិញតែវ៉ាក់សាំងណា ដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់តែប៉ុណ្ណោះ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ គឺជាការបើកផ្លូវសម្រាប់ការផ្គត់ផ្គង់ និងការប្រើប្រាស់វ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech បន្ទាប់ពីការចុះបញ្ជីជាផ្លូវការ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលអ៊ុយក្រែន ប្រទេសដែលមានប្រជាជនសរុបជាង ៤៣លាននាក់មួយនេះ មានករណីឆ្លងជំងឺ COVID-19 សរុបរហូតដល់ដល់ ១,០៤៥,៣៤៨ករណីហើយ ក្នុងនោះមានអ្នកស្លាប់ ១៨,៣២៤នាក់ និងជាសះស្បើយវិញ ៦៩៨,១៩០នាក់៕