(ប៉េកាំង)៖ ចិនបានធ្វើបច្ចុប្បន្នភាព ក៏ដូចជាធ្វើវិសោធនកម្មច្បាប់ ស្ដីពីវិស័យការពារជាតិ ដើម្បីកំណត់ឱ្យបានច្បាស់ពីធម្មជាតិ នៃការការពារខ្លួន និងតួនាទីរបស់ កងទ័ពរំដោះប្រជាជនចិន (PLA) នៅក្នុងករណីមានវិបត្តិណាមួយកើតឡើង ខណៈខ្លួនកំពុងមានទំនាក់ទំនង ដ៏តានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
បើតាមយោធាចិន មាត្រាចំនួន ៥៤ នៃច្បាប់ស្ដីពីវិស័យការពារជាតិ ត្រូវបានកែសម្រួល ហើយក្នុងនោះទៀតសោតមាន ០៦មាត្រាត្រូវបានបន្ថែម និង ០៣មាត្រាត្រូវបានលុបចោល រីឯចំណងជើងនៃជំពូកចំនួន ០២ ត្រូវបានផ្លាស់ប្ដូរ។ មិនតែប៉ុណ្ណោះ ក្រៅតែពីកំណត់ឱ្យបានច្បាស់អំពី «ធម្មជាតិនៃការការពារខ្លួន» ការធ្វើបច្ចុប្បន្នភាពនេះ ក៏ផ្តោតជាសំខាន់ផងដែរទៅលើ សារៈសំខាន់នៃផលប្រយោជន៍ជាតិ ដើម្បីគោលនយោបាយការពារជាតិ, ការពង្រឹងប្រព័ន្ធអប់រំខាងការពារជាតិ ព្រមទាំងប្រព័ន្ធពាក់ព័ន្ធនឹង ទំនាក់ទំនងជាមួយយោធាបរទេសជាដើម។
គួរបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព ក៏ដូចជាវិសោធនកម្មច្បាប់ ស្ដីពីវិស័យការពារជាតិខាងលើដែលមាន ៧៣មាត្រា និង ១២ជំពូកនោះ នឹងត្រូវចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕