(វ៉ាស៊ីនតោន)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើស ២០លាននាក់ហើយ បន្ទាប់ពីរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣៤,៥៥០នាក់ ទៀត បានឆ្លងជំងឺដ៏កាចសាហាវមួយនេះ ខណៈអ្នកជំងឺ ៣,៨៨០នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២០,២១៦,៩៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៥០,៧៧៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១១,៩៩៨,៧៩៤នាក់។
គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ក៏ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕