(ប៉េកាំង)៖ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា នាវាចម្បាំងរបស់ខ្លួនចំនួន ០២គ្រឿងបានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដែលជាបេសកកម្មលើកទី ២ នៅក្នុងខែធ្នូនេះ និងជិត ២សប្តាហ៍ បន្ទាប់ពីក្រុមនាវាដឹកយន្តហោះចម្បាំងចិន បានឆ្លងកាត់ច្រកនេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
ប្រទេសចិនដែលចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តមួយរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិនោះ កន្លងមកតែងតែបានបង្ហាញ ជំហរប្រឆាំងយ៉ាងខ្លាំងក្លា នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការគាំទ្រចំពោះកោះនេះ រួមទាំងការអនុម័តលក់សព្វាអាវុធ និងការបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាន់តែមានភាពអាក្រក់ទៅៗ។
កងទ័ពជើងទឹកអាមេរិកបានគូសបញ្ជាក់ថា «នាវាពិឃាតអាមេរិកយូអ៊ែសអ៊ែស ចន ម៉ាខេន (USS John S McCain) និង យូអ៊ែសអ៊ែស ឃើធីស វីលប៊ួរ (USS Curtis Wilbur) បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ស្របតាមច្បាប់អន្តរជាតិ។ នាវាចម្បាំងដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាអាមេរិក នឹងបន្តការហោះហើរ, ការធ្វើនាវាចរណ៍ និងប្រតិបត្តិការនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។
គួរបញ្ជាក់ថា នេះគឺជានាវាចម្បាំងទី ១៣ហើយ ដែលបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយកងទ័ពជើងទឹកអាមេរិក នៅក្នុងឆ្នាំ២០២០នេះ៕