(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកពីរគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបង្ហាញពីអនុភាពក្នុងការកំញើញ និងទប់ស្កាត់ការវាយប្រហារណាមួយពីសត្រូវ មកលើផលប្រយោជន៍អាមេរិក នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការកណ្ដាលអាមេរិក (CENTCOM) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-52 ពីរគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ក៏ជាការបង្ហាញផងដែរ ពីការប្ដេជ្ញាចិត្តរបស់យោធាអាមេរិក ចំពោះសន្តិសុខនៅក្នុងតំបន់ ព្រមទាំងបង្ហាញពីសមត្ថភាពតែមួយគត់ ដែលអាចឆ្លើយតបយ៉ាងឆាប់រហ័ស ទៅនឹងការគំរាមកំហែងទាំងឡាយ»។
គួរបញ្ជាក់ថា ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក B-52 ខាងលើ បានកើតមានឡើងបន្ទាប់ពីស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់រងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ កាលពីថ្ងៃទី២០ ខែធ្នូនេះ តែមិនបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួសឡើយ។
សហរដ្ឋអាមេរិកបានចោទថា អ៉ីរ៉ង់ និងក្រុមប្រដាប់អាវុធ គាំទ្រដោយទីក្រុងតេហេរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារខាងលើនេះ ខណៈក្រុមមន្ត្រីចារកម្មអាមេរិកបានព្រមានទៀតថា អ៉ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ អាចនឹងដឹកនាំការវាយប្រហារលើអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់ នៅថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការស្លាប់របស់មេទ័ពកំពូលអ៉ីរ៉ង់ លោក កាស្សេម សូឡែមេនី (Qassem Soleimani) ដែលត្រូវបានយន្ដហោះដ្រូនអាមេរិក ផ្ដាច់ជីវិតកាលពីថ្ងៃទី០៣ ខែមករា ដើមឆ្នាំ២០២០កន្លងទៅ៕