(ប៊ែរឡាំង)៖ វិបត្តិ COVID-19 ជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ នឹងអូសបន្លាយរហូតដល់ឆ្នាំ២០២១ បើទោះជាចាក់វ៉ាក់សាំង កំពុងផ្ដល់ក្ដីសង្ឃឹមខ្លះក៏ដោយ។ នេះជាការលើកឡើង របស់អធិការបតីអាល្លឺម៉ង់ ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។
អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងសុន្ទរកថាអបអរសាទរឆ្នាំថ្មី ទៅកាន់ប្រជាជាតិអាល្លឺម៉ង់ នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី មើគែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ និងសប្ដាហ៍នេះ... គឺជាពេលវេលាដ៏លំបាកសម្រាប់ប្រទេសរបស់យើង។ រដូវរងារនឹងក្លាយជាពេលកាន់តែពិបាក ហើយវិបត្តិ COVID-19 អាចនឹងអូសបន្លាយរហូតដល់ឆ្នាំ២០២១ បើទោះបីជាចាក់វ៉ាក់សាំង កំពុងផ្ដល់ក្ដីសង្ឃឹមខ្លះក៏ដោយ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers អាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ១,៧១០,៩៩២ករណី ក្នុងនោះស្លាប់ ៣៣,១៧២នាក់ និងជាសះស្បើយឡើងវិញ ១,៣០២,៦០០នាក់។ អាល្លឺម៉ង់ក៏មិនខុសពីបណ្តាប្រទេសផ្សេងៗទៀតដែរ ដោយខ្លួនកំពុងត្រៀម សម្រាប់ការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុកនៅក្រោយទិវាឆ្លងឆ្នាំសកល ជាពេលដែលមនុស្សនឹងជួបជុំគ្នា ចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងនោះ៕